ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា, ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយាសូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា នៅក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលនឹងចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជានឹងចាប់ផ្ដើមនៅថ្ងៃអង្គារទី ១ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤២ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ដែលត្រូវ នឹងថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ ។
សម្តេចថ្លែងលើកឡើងថា, ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និង គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជា ។
ជាមួយគ្នានេះ ខ្ញុំក៏សូមអធ្យាស្រ័យសុំការយោគយល់ពីបងប្អូនសាសនិកខ្មែរឥស្លាម ដែលកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិ លើកទី ៧ និងលេីកទី ៨ ឆ្នាំ។ ២០២១ នេះ ត្រូវបានផ្អាក ហេីយបានផ្អាកការថ្វាយបង្គំនៅតាមវិហារ(ម៉ាស្ជិទ ស៊ូរ៉ាវ)ការជួបជុំលក្ខណៈសាសនា នាៗ និង សុំបង្កេីន ការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនា ឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយយើងមិនត្រូវភ្លេចខ្លួន និង ធ្វេសប្រហេស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ គឺត្រូវរួមគ្នាការពារជាប់ជានិច្ច ជាពិសេសនៅក្នុងព្រឹត្តិការណ៍២០កុម្ភៈដែលចំនួនឆ្លងជំងឺកូវីដ-១៩ មានការកេីនឡេីងជាលំដាប់ និង មានករណីស្លាប់បាត់បង់ជីវិតផងដែរ។ សូមបងប្អូនអនុវត្តតាមវិធានការ ៣ ការពារ និង ៣ កុំ ជាប្រចាំ ដោយខ្ជាប់ខ្ជួន និង អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។
ខ្ញុំសូមបួងសួង សុំឲ្យបងប្អូនទាំងអស់ទទួលបាននូវសេចក្តីសុខ ស្លាម៉ាត់ ករុណារ៉ោះម៉ាត់ និង ចំរើនញ្ហរ៉កាត់គ្រប់ៗគ្នាពីព្រះអល់ឡោះ និង សុំឱ្យព្រះអល់ឡោះ ទទួលយកនូវកុសលផលបុណ្យ ខែបួសរ៉ាម៉ាឌន ទាំងអស់ដែលបងប្អូនបានប្រតិបត្តិ សាងឡើងកុំបីអាក់ខានឡើយ ៕
សូមអរគុណ
ដោយ ៖ សិលា