ព័ត៌មានទាន់ហេតុការណ៍៖

ព្រះនាង មណ្ឌាទេវី ទ្រង់គង់ផ្ទំ បិទព្រះនេត្រ នៅលើខ្នង សត្វលា

ចែករំលែក៖

ភ្នំពេញ៖ មហាសង្ក្រាន្ត ឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក នឹងចូលមកដល់ នៅវេលាម៉ោង ០៤និង០០ នាទី ទៀបភ្លឺ ថ្ងៃពុធ ៣ កើត ខែពិសាខ ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី ១៤ ខែមេសា គ.ស ២០២១ ដោយព្រះនាង មណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម គង់នៅ ចាតុម្មហារាជិកា ឬភពព្រះពុធ ត្រូវយាងចុះ មកបន្តតំណែង ថែរក្សារជម្ពូទ្វីប។

ព្រះនាង មណ្ឌាទេវី ទ្រង់អម្ពរពណ៌ ខៀវខ្ចី លម្អរព្រះកាណ៌ ដោយសៀតផ្កា ចម្ប៉ា ពាក់ត្បូង កែវពិទូរ្យ ឬត្បូងភ្នែកឆ្មា ទ្រង់សោយ ទឹកដោះ ជាអាហារ ព្រហស្ថ ស្ដាំទ្រង់ម្ជុល ព្រហស្ថឆ្វេង ទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំ បិទព្រះនេត្រ នៅលើខ្នង សត្វលា ជាយានពាហនៈ។

រណ្តាប់ទទួលទេវតា តាមទំនៀម ពីបុរាណ រៀងរហូតមក មានបាយសី ស្លាធម៌មួយគូ ផ្កាភ្ញី ទឹកអប់ទៀនធូប ចេកណាំវ៉ា ផ្លែឈើ ១១ មុខ ដូងឡៅមួយគូ និងទឹកស្អាត ២ កែវ ៕

ដោយ ៖ សិលា


ចែករំលែក៖