ខេត្តសៀមរាប៖ នៅយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ម្សិលមុិញ សមត្ថកិច្ចពាក់ព័ន្ធ បានខ្នះខ្នែង ស្វែងរកឃើញអ្នកពាក់ព័ន្ធជាមួយក្រុមគ្រួសារដែលវិជ្ជមានជំងឺកូវីដ-១៩ របស់ លោក អ៉ឹង ខៃលី ដែលជាអាជីវករលក់ដូរនៅផ្សារក្រោម និងបន្ថែមមានទំនាក់ទំនងផ្សារវត្តអធ្វាផងដែរ។
រដ្ឋបាលខេត្តសៀមរាប សូមកោតសរសើរចំពោះសមត្ថកិច្ចគ្រប់ ផ្នែកទាំងក្រុមគ្រូពេទ្យ និងកងកម្លាំង ដែលយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចចំពោះមុខ ដែលកំពុងតែមានការព្រួយបារម្ភនេះ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយ ប្រយោល ឬបានចេញចូលទៅកាន់ទីតាំងផ្សារខាងលើ ត្រូវចូលរួមអនុវត្តចត្តាឡីស័កដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។
រដ្ឋបាលខេត្តសូមក្រើនរំលឹកដល់អ្នកពាក់ព័ន្ធត្រូវបង្កើនស្មារតីខ្ពស់អនុវត្តតាមការណែនាំរបស់សមត្ថកិច្ចជាដាច់ខាត។ ចំពោះជនទាំងឡាយណា មិនអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន គឺអាចប្រឈមនឹងទទួលទណ្ឌកម្មការពិន័យអន្តរការណ៍ រហូតដល់ការផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ៕
ដោយ ៖ សិលា