ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ថា, នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ នេះ ខ្ញុំនិងភរិយាសូមបួងដល់ទេវតាឆ្នាំថ្មីព្រះនាមមណ្ឌាទេវី តាមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនបងប្អូនជនរួមជាតិ បានប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ពិសេសសូមឱ្យជំងឺដ៏កាចសាហាវ កូវីដ-១៩ ដែលកំពុងរាតត្បាតពិភពលោកនេះ ចៀសឱ្យឆ្ងាយពីយើងគ្រប់គ្នាជាស្ថាពរក្នុងពេលឆាប់ៗនេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងបន្តថា, ជំងឺកូវីដ-១៩ បានបង្ខំឱ្យយើងរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅតាមគេហដ្ឋានរៀងខ្លួនៗ ដូច្នេះសូមបងប្អូន កូនក្មួយទាំងអស់ អនុវត្ត គោរពរាល់វិធានការការពារ របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងជំនាញឱ្យបានហ្មត់ចត់ និងខ្ជាប់ខ្ជួនគ្រប់ៗគ្នា ដើម្បីសុវត្ថិភាពរបស់យើងម្នាក់ៗ ក្រុមគ្រួសារនិងសង្គមជាតិទាំងមូល ដ្បិតអីពេលនេះយើងកំពុងស្ថិតនៅក្នុងកាលៈទេសៈមួយដែលមានហានិភ័យខ្ពស់បំផុត។
យកឈ្នះកូវីដ-១៩ នៅឆ្នាំនេះ ឆ្នាំក្រោយយើងនឹងមានឱកាសរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិបានដូចដើមវិញ។
សូមឱ្យឆ្នាំថ្មី ឆ្នាំឆ្លូវ នាំមកនូវសេរីសួស្តី សុភមង្គម និងការអភិវឌ្ឍថ្មីៗកើតមានដល់ជនរួមជាតិ និងប្រទេសជាតិរបស់យើងកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា