ព័ត៌មានទាន់ហេតុការណ៍៖

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពង្រឹងកាតព្វកិច្ចពាក់ម៉ាស់និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពនៅក្នុងទីផ្សារ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃអង្គារ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពង្រឹងកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពនៅក្នុងទីផ្សារ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកលោកស្រី ជាអ្នកគ្រប់គ្រងទីផ្សារទាំង១៥ នៅទូទាំងខេត្តព្រះសីហនុផងដែរ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានណែនាំដល់លោកលោកស្រី ជាអ្នកគ្រប់គ្រងទីផ្សារទាំងអស់ត្រូវរៀបចំយន្តការ និងពន្យល់ណែនាំដល់អាជីវករឱ្យការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ក៏ដូចជាការពារបាននូវផលប្រយោជន៏របស់ខ្លួនផងដែរ ដោយអនុវត្តនូវវិធានការដូចខាងក្រោម៖

ទី១. ទាំងបុគ្គលិកផ្សារ អាជីវករ និងប្រជាពលរដ្ឋដែលចេញចូលផ្សារត្រូវ ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និងប្រើប្រាស់អាល់កុល ជែលគ្រប់ពេល

ទី២. ចងខ្សែគម្លាតសុវត្ថិភាពនៅតាមតូបលក់រៀងៗខ្លួន ដោយអ្នកលក់ និងអ្នកទិញមិនត្រូវប៉ះពាល់គ្នាដោយផ្ទាល់នោះឡើយ ហើយសកម្មភាពនៃការលក់ដូរ នៅពេលប្រគល់ទទួលទំនិញ និងលុយ ត្រូវទុកដាក់នៅលើតុចំពាក់កណ្តាលនៃ ខ្សែបន្ទាត់សុវត្ថិភាព ដោយបាញ់អាល់កុលជាមុនសិន មុនពេលទទួលយក

ទី៣. ចូលរួមអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសគោលការណ៍ ៣កុំ និង៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវទាំងអស់គ្នាដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភជូនលោកលោកស្រី ជាអ្នកគ្រប់គ្រងទីផ្សារទាំង១៥ដើម្បីយក ទៅចាត់ចែងប្រើប្រាស់នៅក្នុងទីផ្សាររបស់ខ្លួន នូវថវិកា និងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដូចខាងក្រោម៖

-ម៉ាស់ចំនួន៥០០ ម៉ាស់

-ម៉ាស់ក្រណាត់ចំនួន៣០០ ម៉ាស់

-ទែម៉ូម៉ែត្រ ៣គ្រឿង

-ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ១គ្រឿង

-ទឹកថ្នាំសម្លាប់មេរោគ ១កាន

-ទឹកអាល់កុល ១កាន

-ថវិកា ១លានរៀលសម្រាប់ចាត់ចែងការចងខ្សែគម្លាតសុវត្ថិភាពនៅតាមតូបលក់ទំនិញរបស់បងប្អូនអាជីវករ ៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖