ព័ត៌មានទាន់ហេតុការណ៍៖

ដោយការឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ឥណ្ឌាអនុម័តប្រើប្រាស់វ៉ាក់សាំងរបស់រុស្ស៊ីបន្ថែម

ចែករំលែក៖

នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ឥណ្ឌាបានរកឃើញករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ ១៦១,៧៣៦នាក់ទៀតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៣.៦៩លាននាក់។ នៅក្នុងរយៈពេលដូចគ្នានេះ អ្នកជំងឺចំនួន៨៧៩នាក់ទៀតបានស្លាប់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 កើនឡើងដល់ ១៧១,០៥៨នាក់។
ពិធិីបុណ្យផ្សេងៗនៅក្នុងប្រទេសឥណ្ឌាកន្លងមកនេះ ជាពិសេសការចុះងូតទឹកទន្លេ ដែលត្រូវបានចាត់ទុកថាជាទឹកពិសិដ្ឋ នាំសិរីសួស្តីជារៀងរាល់ឆ្នាំនោះ ត្រូវបានគេមើលឃើញថា ជាកត្តាជំរុញឲ្យករណីឆ្លង COVID-19 នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ កើនឡើងយ៉ាងគំហុកនៅក្នុងរយៈពេលជាង ១សប្តាហ៍ចុងក្រោយនេះ។
នៅថ្ងៃទី១៣ខែមេសានេះដែរឥណ្ឌាបានប្រកាសឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Sputnik V របស់ប្រទេសរុស្ស៉ី ត្រូវបានយល់ព្រមអនុញ្ញាតឲ្យប្រើប្រាស់ នៅក្នុងប្រទេសដែលមានប្រជាជនជិត ១.៤ពាន់លាននាក់នេះហើយ។
ការសម្រេចអនុញ្ញាតខាងលើ ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ។ ក្រុមហ៊ុនផលិតឱសថធំមួយរបស់ឥណ្ឌាគឺ Dr. Reddy’s Laboratories នឹងទទួលបន្ទុកផលិតវ៉ាក់សាំង Sputnik V នៅក្នុងប្រទេសឥណ្ឌាផ្ទាល់។ Sputnik V គឺជាវ៉ាក់សាំងទី៣ហើយ ដែលត្រូវប្រើសម្រាប់បង្ការជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីវ៉ាក់សាំងអង់គ្លេស AstraZeneca និងវ៉ាក់សាំង Covaxin ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនឥណ្ឌាផ្ទាល់ Bharat Biotech។
គួរបញ្ជាក់ថា វ៉ាក់សាំង Sputnik V ប្រមាណជាង៨៥០លានដូស នឹងត្រូវផលិតនៅប្រទេសឥណ្ឌា ក្នុងមួយឆ្នាំ។ ការអនុម័តវ៉ាក់សាំងទី៣នេះ គឺកើតមានឡើង ស្របពេលដែលឥណ្ឌាកំពុងទទួលរងការឆ្លងរីករាលធ្ងន់ធ្ងរបំផុត រហូតក្លាយជាប្រទេសទីពីរលើពិភពលោក ដែលមានករណីឆ្លងសរុបច្រើនជាងគេ បន្ទាប់ពីទើបតែវ៉ាប្រេស៉ីល និងនៅក្រោយសហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ៕

ដោយ៖ធីរីណា(រូបភាព៖AFP/TTXVN)


ចែករំលែក៖