ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី១៣​ ខែមេសា​ ឆ្នាំ២០២១​ មានករណីស្លាប់បុរសជនជាតិខ្មែរអាយុ​ ៥៨ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩​ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រសួងសុខាភិបាលសេចក្តីប្រកាសព័ត៌មាន ករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៥៨ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា, យោងតាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានឱ្យដឹងថា, បុរសជនជាតិខ្មែរអាយុ ៥៨ឆ្នាំ ដែលរស់ នៅភូមិបន្ទាយរកា ឃុំក្រាំងដីវាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៩:២០នាទី ព្រឹក។
កាលពីព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ នៅវេលាម៉ោង ៨:៣០នាទី ព្រឹក បុរសរូបនេះ បានចូលមកក្នុង មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយមានអាការៈរោគហត់ដង្ហក់ពិបាកដកដង្ហើម។ ពេលមកដល់មន្ទីរពេទ្យ ដោយ ឃើញមានសញ្ញាសង្ស័យពីជំងឺកូវីដ-១៩ គ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ក៏បានដាក់បុរសរូបនេះក្នុងបន្ទប់ដាច់ដោយ ឡែកហើយក៏រៀបចំស្លៀកពាក់សម្លៀកបំពាក់ការពារវីរុសកូវីដ-១៩ ដើម្បីចូលទៅសង្គ្រោះ។ ដោយសារអ្នកជំងឺមាន សភាពធ្ងន់ធ្ងរពេកពុំអាចសង្គ្រោះបាន អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោងប្រមាណ ៩:២០នាទី ព្រឹក។ ដោយមានសញ្ញាសង្ស័យជំងឺកូវីដ-១៩ គ្រូពេទ្យក៏បានយកសំណាកដើម្បីពិនិត្យរកមើលវីរុសកូវីដ -១៩។ នៅវេលា ម៉ោង ០៥:២០នាទី ល្ងាចថ្ងៃដដែល ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈបានបញ្ជាក់លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៥៨ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារមានវិបត្តិផ្លូវដកដង្ហើមធ្ងន់ធ្ងរបណ្តាលមកពីជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមជាមួយគ្រួសារសព។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖