ព័ត៌មានទាន់ហេតុការណ៍៖

ម៉ិចស៊ីកូចាប់ខ្លួនទាហាន៣០នាក់ សង្ស័យជាប់ពាក់ព័ន្ធការបាត់ខ្លួនពលរដ្ឋជាច្រើនកាលពីឆ្នាំ២០១៤

ចែករំលែក៖

មន្ត្រីម៉ិចស៊ីកូបានឱ្យដឹងថា បានចាប់ខ្លួនទាហាន៣០នាក់មកពីកងពលទាហានជើងទឹក ដោយសង្ស័យជាប់ពាក់ព័ន្ធករណីបាត់ខ្លួនពលរដ្ឋជាច្រើននៅក្នុងឆ្នាំ២០១៤នៅទីក្រុង Nuevo Laredo រដ្ឋ Tamaulipas ភាគខាងជើងប្រទេសម៉ិចស៊ីកូ។
យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានTNXVA ប្រចាំនៅម៉ិចស៊ីកូ បានឱ្យដឹងថា អគ្គរដ្ឋអាជ្ញាបានបញ្ជាឱ្យចាប់ខ្លួនទាហាន៣០នាក់ខាងលើនៅថ្ងៃទី ៩ ខែមេសា ដើម្បីស៊ើបអង្កេតលើការចោទប្រកាន់នានាដែលទាក់ទងនឹងការបាត់ខ្លួនរបស់ជនស៊ីវិល។ យោងតាមប្រភពព័ត៌មានក្នុងតំបន់បានឱ្យដឹងថាទាហានទាំង៣០នាក់អាចជាប់ពាក់ព័ន្ធនឹងករណីបាត់ខ្លួនពលរដ្ឋ២៥លើកកាលពីឆ្នាំ២០១៤ ក្នុងពេលកម្លាំងទាហានខាងលើ ចូលរួមទប់ស្កាត់បទល្មើស ។
រដ្ឋ Tamaulipas ជាភូមិសាស្ត្រធ្វើសកម្មភាពរបស់ក្រុមជួញដូរគ្រឿងញៀនចំនួនពីរផ្សេងគ្នា គឺក្រុម Cartel de Golfo និង Zetas។ រដ្ឋ Tamaulipas ស្ថិតនៅក្នុងលំដាប់ទី២ក្នុងចំណោម៣២រដ្ឋក្នុងប្រទេសម៉ិចស៊ីកូដែលមានករណីបាត់ខ្លួនច្រើនបំផុត។ នៅក្នុងរដ្ឋនេះមានករណីបាត់ខ្លួនដល់ទៅ ១១៣០០ ករណី ។ កាលពីខែមករា ឆ្នាំ២០២១ នៅក្នុងរដ្ឋនេះ មាន ជនភៀសខ្លួន១៦នាក់ត្រូវគេសម្លាប់។
ម៉ិចស៊ីកូ ត្រូវបានគេដឹងថា ជាឈ្មួញកណ្តាលក្នុងការដឹកជញ្ជូនគ្រឿងញៀនពីតំបន់អាមេរិក ខាងត្បូង ឆ្លងកាត់អាមេរិកកណ្តាល ហើយបន្តទៅកាន់អាមេរិក ។ ម៉ិចស៊ីកូ ក៏ជាប្រទេស ដែល រងគ្រោះថ្នាក់ច្រើនជាងគេដោយសារសង្គ្រាមប្រឆាំងគ្រឿងញៀន។ ចាប់តាំងពីឆ្នាំ ២០០៦ដល់ឆ្នាំ២០២០ សង្គ្រាមប្រឆាំងគ្រឿងញៀនបានសម្លាប់មនុស្ស ដល់ទៅជាង ៣សែននាក់៕ដោយ៖ ធីរីណា

រូបភាព៖ AFP/TTXVN


ចែករំលែក៖