ភ្នំពេញ ៖ សម្តេចតេជោ បានថ្លែងទទូចទៅកាន់ប្រជាពលរដ្ឋឱ្យគ្នាបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ មួយនេះយ៉ាងដូច្នេះ «សូមអង្វរបងប្អូនប្រជាពលរដ្ឋរបស់យើងខិតខំឡើងរួមគ្នា ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់។ យើងកំពុងស្ថិតនៅមាត់ជ្រោះ នៃមរណៈហើយ ប្រសិនបើយើងមិនប្រឹងរួមគ្នា យើងនឹងឈានទៅរកមរណៈពិតប្រាកដ។ ដូច្នេះវិធីតែមួយគត់ គឺរួមដៃគ្នាទាំងរដ្ឋ និងប្រជាជន»។
ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអង្វរប្រជាពលរដ្ឋខ្មែរឱ្យរួមគ្នា ដើម្បីយកឈ្នះលើព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលជាព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា។
តាមរយៈក្នុងសារសំឡេងពិសេសស្តីពីវិធានបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កំពុងស្ថិតលើមាត់ជ្រោះនៃមរណៈហើយ បើមិនរួមគ្នាជម្នះទេនោះ នឹងឈានទៅរកមរណៈមិនខាន។
សម្តេចបានថ្លែងបន្តថា, ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានរយៈជិត២ខែទៅហើយនោះ មិនទាន់មានសញ្ញាណថមថយនៅឡើយនោះទេ ហើយការរីករាលកាន់ធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ របាយការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាញថា ក្នុងព្រឹត្តិការណ៍នេះ មានមនុស្សសរុប ៤,៣៣៧នាក់ហើយ បានឆ្លងកូវីដ-១៩ ហើយមនុស្សរហូតដល់ទៅ ៣៦នាក់ បានស្លាប់បាត់ជីវិត គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។
នៅយប់ថ្ងៃទី១៤ ខែមេសា ដដែលនេះ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការថ្មីមួយទៀត ដោយបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី១៥ ខែមេសានេះទៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
វិធានការបានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ និងបិទអាជីវកម្មនានាផងដែរ។ ទោះបីយ៉ាងណា វិធានការបានអនុញ្ញាតសម្រាប់ការធ្វើដំណើរចាំបាច់ដូចជាការទៅមន្ទីរពេទ្យ និងការទិញម្ហូបអាហារជាដើម។ ដោយឡែកអាជីវកម្មចាំបាច់មួយចំនួន ក៏ត្រូវបានរក្សាទុកផងដែរ ជាពិសេសអាជីវកម្មពាក់ព័ន្ធការលក់ដូរ ឬផ្គត់ផ្គង់ស្បៀងអាហារ។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១៤ ខែមេសាឆ្នាំ ២០២១ ម្សិលមិញ ក្រសួងសុខាភិបាលបានប្រកាសបញ្ជាក់ជូនព័ត៌មានឱ្យដឹងថា,រកឃើញអ្នកមានវិជ្ជមានគួរថ្មីចំនួន ១៧៨នាក់ នឹងជាសះស្បើយចំនួន ៣៨នាក់៕