ព័ត៌មានទាន់ហេតុការណ៍៖

ឃ្លាំងស្តុកគ្រឿងទូរស័ព្ទនិងឆត្រត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹក

ចែករំលែក៖

 

   ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកសម្ភារទូរស័ព្ទ និងឆត្រ បង្កការភ្ញាក់ផ្អើលទាំងព្រឹក ធ្វើឱ្យសមត្ថកិច្ចមូលដ្ឋាន និងខាងការិយាល័យជំនាញចុះជួយបាញ់ទឹកពន្លត់ភ្លាមៗផងដែរ ហើយសំណាងល្អមិនបង្កឱ្យមានការឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងនិងរងរបួសមនុស្សឡើយ។ 

   ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅម្ដុំវត្តព្រះពុទ្ធ ចំណុចផ្ទះលេខ១៩E0 ផ្លូវលេខ១៩៦ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

   តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងខ្មៅហុយចេញពីក្នុងឃ្លាំងប្រភេទដែក ប្រក់ស័ង្កសី  ហើយភ្លាមៗនោះស្រាប់តែមានអណ្ដាតភ្លើងចេញខ្មួលខ្មាញ់ឡើងតែម្ដង ខណៈនោះប្រជាពលរដ្ឋបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានទាក់ទងទៅការិយាល័យជំនាញចេញរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ជាបន្ទាន់។ ប៉ុន្តែដោយសារតែសម្ភារក្នុងឃ្លាំងជាគ្រឿងជ័រទើបបង្កឱ្យមានការឆាបឆេះលឿន មិនងាយគ្រប់គ្រងបានឡើយ និងធ្វើឱ្យឆេះខូចខាតសម្ភារអស់ទាំងស្រុង។

   លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានភ្លាម​ លោក​ ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យជាច្រើនគ្រឿងចេញមកជួយធ្វើអន្តរាគមន៍ ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។

  ក្រោយបាញ់ពន្លត់ នគរបាលជំនាញបានឱ្យដឹងថា តាមការសន្និដ្ឋានជំហានដំបូងមូលហេតុសង្ស័យកើតឡើងដោយសារឆ្លងចរន្តអគ្គិសនី ហើយផលលំបាកនៃការជួយបាញ់ទឹកពន្លត់បានទាន់ពេលវេលា ព្រោះតែសម្ភារស្តុកក្នុងឃ្លាំងជាគ្រឿងទូរស័ព្ទដូចជា ស្រោមទូរស័ព្ទ ឌុយសាកទូរស័ព្ទ និងឆត្រធំៗ ជាដើម៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖