ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ ហាងលក់ម្ហូបអាហារទាំងអស់នៅបើកដំណើរការធម្មតា និងលើកទឹកចិត្តឲ្យបន្តការលក់ជូនប្រជាពលរដ្ឋ ហើយអាចមានការកម្មង់ទិញតាមអនឡាញ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋថា គ្រប់ហាងលក់ទំនិញ និងម្ហូបអាហារ ទាំងអស់នៅទូទាំងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការដូចធម្មតា ប្រជាពលរដ្ឋអាចធ្វើដំណើរទៅទិញនៅទីតាំងដែលក្បែរៗផ្ទះរបស់ខ្លួន ឬកម្មង់ទិញតាមអនឡាញ។

ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ ក៏បានលើកទឹកចិត្តដល់ម្ចាស់ហាងលក់ម្ហូបអាហារទាំងអស់ បន្តការលក់ដូរជូនប្រជាពលរដ្ឋជាធម្មតា ហើយប្រជាពលរដ្ឋក៏អាចកម្មង់ទិញតាមអនឡាញផងដែរ។

ការចេញមកប្រកាសជូនដំណឹង និងលើកទឹកចិត្តខាងលើនេះរបស់ លោក ឃួង ស្រេង ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចបិទខ្ទប់ (LockDown) រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវីដ១៩ ហើយមិនតម្រូវឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះជាដាច់ខាត បើគ្មានករណីចាំបាច់ លើកលែងទិញម្ហូបអាហារប៉ុណ្ណោះ។

ភ្លាមៗបន្ទាប់មានការបែកធ្លាយសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រជាពលរដ្ឋស្ទើរពេញមួយរាជធានីភ្នំពេញ បាននាំគ្នាសម្រុកទៅផ្សារដើម្បីទិញស្បៀងអាហារសម្រុកទុកគ្រាដែលរាជរដ្ឋាភិបាល សម្រេច LockDown រាជធានីភ្នំពេញ ព្រោះពួកគាត់គិតថា នឹងមិនមានម្ហូបដើម្បីទទួលទានរយៈពេល១៤ថ្ងៃនេះ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅរាជធានីភ្នំពេញ មិនមានការបិទហាងលក់ដូរទំនិញ ឬម្ហូបអាហារនោះទេ ពោលប្រជាពលរដ្ឋនៅតែអាចធ្វើដំណើរចេញទៅទិញដើម្បីទទួលទានប្រចាំថ្ងៃបាន និងកម្មង់ទិញតាមអនឡាញ ប៉ុន្ដែត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាន។

អភិបាលរាជធានីភ្នំពេញ បានអះអាងទៀតថា ក្នុងករណីប្រជាពលរដ្ឋមិនចង់ទៅទិញដោយផ្ទាល់នោះ ក៏អាចកម្មង់តាមហាងមួយចំនួនតាមអនឡាញ ដែលមានសេវាដឹកជញ្ជូនដល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ បានដូចគ្នាផងដែរ ព្រោះអាជ្ញាធរនៅតែអនុញ្ញាតឲ្យមានការដឹកជញ្ជូនម្ហូបអាហារដូចធម្មតា។

លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «សូមជំរាបជូនថា បើទោះបីរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបាន Lockdown រយៈពេល១៤ថ្ងៃ ប៉ុន្តែហាងទំនិញលក់ម្ហូបអាហារ ភេសជ្ជៈ ទំនិញចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន នៅតែបន្តបម្រើជូនប្រជាពលរដ្ឋ សូមបងប្អូនប្រជាពលរដ្ឋ កុំមានការយល់ច្រឡំថា ហាងទាំងអស់ត្រូវបានបិទ ហើយសូមលើកទឹកចិត្តដល់ម្ចាស់ម្ហូបអាហារឲ្យនៅបន្តលក់ដូរដូចធម្មតា»។

      លោកអភិបាលរាជធានីភ្នំពេញ បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ហើយបានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវជាបន្ទាន់ ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរទំនិញទាំងឡាយណា ដែលឡើងថ្លៃហួសហេតុ គ្រាដែលកម្ពុជាកំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩។

លោក ឃួង ស្រេង បានចាត់ទុកថា ការដំឡើងថ្លៃទំនិញហួសហេតុនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ គ្រាដែលរាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្ដបន្ទាប់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ និងក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ការចេញមកប្រកាសចាត់វិធានការតាមផ្លូវច្បាប់នេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា អាជីវករមួយចំនួនបានឆ្លៀតឱកាសកេងចំណេញហួសហេតុ គ្រាដែលប្រជាពលរដ្ឋនាំគ្នាសម្រុកទៅទិញស្បៀងអាហារដើម្បីត្រៀមទុកនៅក្នុង ក្រោយមានការបែកធ្លាយសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការបិទខ្ទប់រយៈពេល១៤ថ្ងៃ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។

តាមព័ត៌មាន រូបភាព រូបវីដេអូ និងការបង្ហាញ ចែកចាយពេញបណ្តាញសង្គមកាលពីល្ងាច និងយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ គេសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើនកកកុញបានសម្រុកទៅទិញម្ហូបអាហារ នំចំណី និងសម្ភារប្រើប្រាស់នៅតាមទីផ្សារ និងតាមកន្លែងលក់ដូរ ដែលកន្លែងខ្លះលក់ដាច់គ្មានសល់ ជាមួយមុខទំនិញខ្លះបានឡើងថ្លៃយ៉ាងខ្ពស់ហួសពីការស្មាន៕

ដោយ៖ សំរិត


ចែករំលែក៖