ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បញ្ជាអាជ្ញាធរមូលដ្ឋាន សម្រួលឲ្យមានការចែកចាយអាល់កុល និងសម្ភារការពារកូវីដ-១៩បានក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  បានបញ្ជា ឲ្យអាជ្ញាធរមូលដ្ឋាន ជួយសម្រួលអ្នកចែកចាយអាល់កុល និងសម្ភារការពារកូវីដ-១៩ អាចដឹកពីកន្លែងមួយទៅកន្លែងមួយបាន ក្នុងរាជធានីភ្នំពេញ ព្រោះនេះជាទំនិញស្ថិតនៅក្នុងលក្ខខណ្ឌចាំបាច់ និងអាទិភាព។

    ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងស្ថានភាព Lockdown រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អាល់កុល គឺជាទំនិញចាំបាច់មួយ ដែលស្ថិតនៅក្នុងទំនិញអាទិភាព ដែលសម្រាប់ការពារខ្លួន អញ្ចឹងគ្មានហេតុផលអីត្រូវហាមឃាត់ការដឹកអាល់កុលទេ»។

   ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើងដោយសារ មានដំណឹងពីមូលដ្ឋានថា មានអ្នកចែកចាយអាល់កុល និងសម្ភារការពារកូវីដ-១៩ នៅខណ្ឌឫស្សីកែវ បានដឹកទំនិញទាំងនោះទៅចែកចាយ នៅចម្ការដូង និងផ្លូវ ៦០ម៉ែត្រ តែត្រូវអាជ្ញាធរមូលដ្ឋានឃាត់មិនឲ្យឆ្លងកាត់។ អាជ្ញាធរមូលដ្ឋានថា ទាល់តែអ្នកចែកចាយនោះ មានឯកសារអនុញ្ញាតទើបបាន។

    សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល ១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងមានការកើនឡើងខ្លាំង។

      ដើម្បីអស់មន្ទិលសង្ស័យ និងងាយស្រួលក្នុងការបកស្រាយចម្ងល់ជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ប្រើប្រាស់នូវលេខទូរស័ព្ទ Hotline និងលេខ៣ប្រព័ន្ធផ្សេងទៀត ដើម្បីឲ្យប្រជាពលរដ្ឋទំនាក់ទំនងសួរសំណួរបន្ថែម នៅពេលមានចម្ងល់ណាមួយពាក់ព័ន្ធបញ្ហាបិទខ្ទប់ (Lockdown) រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

លេខទូរស័ព្ទដើម្បីប្រជាពលរដ្ឋសាកសួរនូវចម្ងល់ផ្សេងៗរួមមាន៖ ទី១៖ Hotline 1299 *ទី២៖ 098 379 777 *ទី៣៖ 077 856 966 *ទី៤៖ 099 429 040

     ក្រៅពីលេខទូរស័ព្ទខាងលើនេះ ប្រជាពលរដ្ឋក៏អាចឆាតចូលទំព័រ Facebook ផ្លូវការរបស់រដ្ឋបាលរាជធានី ភ្នំពេញ និងចូលទៅ Telegram ពន្យល់វិធានការរដ្ឋបាល របស់សាលារាជធានីភ្នំពេញ បានផងដែរ ហើយមន្ដ្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការឆ្លើយតបភ្លាមៗ៕

ដោយ៖ សំរិត


ចែករំលែក៖