ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ បានស្នើសុំ អាជីវករ កុំឡើងថ្លៃទំនិញគ្មានហេតុផល ក្នុងតំណាក់កាលជំងឺកូវីដ-១៩ បើមិនដូច្នោះទេ អាជ្ញាធររាជធានី និងមានវិធានការរដ្ឋបាលហើយ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការអំពាវនាវឲ្យបងប្អូនអាជីវករទាំងអស់នៅក្នុងរាជធានីភ្នំពេញត្រូវចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងកុំឡើងថ្លៃទំនិញគ្មានហេតុផល ដែលធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ។ ចំពោះអាជីវករដែលបានដំឡើងថ្លៃទំនិញគ្មានហេតុផលនេះ អាជ្ញាធររាជធានីភ្នំពេញនិងមានវិធានការរដ្ឋបាលផងដែរ ។

    ក្នុងសន្និសីទសារព័ត៌មានមួយ នារាត្រីថ្ងៃទី១៥ខែមេសា ឆ្នាំ២០២១  នៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំ បងប្អូន អាជីវករដែលលក់ដូរគ្រឿងអាហារហូបចុករួចហើយ មិន ត្រូវឡើងថ្លៃគ្មានហេតុផលនោះទេ ។ រដ្ឋបាលរាជធានីភ្នំពេញ និងមានវិធានការ ដោយមិនអាចអោយឈ្មួញទុច្ចរិតសោយសុខលើគំនរទឹកភ្នែកប្រជាពលរដ្ឋក្រីក្រនោះទេ ។ 

     លោកបញ្ជាក់ថា ទំនិញត្រូវតែមានគុណភាព និងមិនត្រូវឡើងថ្លៃគ្មានហេតុផល ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចាត់ចែងរឿងនេះ។

ចំណែកក្រសួងពាណិជ្ជកម្មក៏បានចាត់ចែងក្រុមការងារដើម្បីចុះស្រាវជ្រាវជ្រាវលើករណីនេះផងដែរ ដោយមិនទុកអោយឈ្មួញទុច្ចរិតរួចខ្លួនទេ ។ 

  លោកបានអំពាវនាវឲ្យបងប្អូនអាជីវករចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្ររបស់យើង ខណៈដែលពួកគាត់កំពុងមានទុក្ខយើងត្រូវរួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។

  លោកបញ្ជាក់ថា មនុស្សរស់ របស់បាន កុំឆ្លៀតកេងចំណេញ ។ រដ្ឋបាលរាជធានីភ្នំពេញទទួលយកមិនបានទេ ។

   លោកឃួង ស្រេង បញ្ជាក់ទៀតថា ការបិទខ្ទប់រាជធានីភ្នំពេញ មិនមែនធ្វើឡើងដើម្បីធ្វើបាបប្រជាពលរដ្ឋនោះទេ គឺយើងជួយប្រជាពលរដ្ឋ ដើម្បីជៀសអោយផុតពីគ្រោះដ៏កាចសាហាវនៃជម្ងឺកូវីដ-១៩នេះ ដូច្នេះសូមបងប្អូនអត់ធ្មត់ ដើម្បីរួមគ្នាបំបាត់ជម្ងឺកូវីដ-១៩នេះទាំងអស់គ្នា៕

ដោយ៖ សំរិត


ចែករំលែក៖