ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញពិនិត្យដំណើរការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) បង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២១ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញពិនិត្យដំណើរការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) បង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសនោះ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបានលះបង់កម្លាំងកាយចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌថ្នាក់ជាតិ ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឧត្តុង្គឧត្តម របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី។
សូមបញ្ជាក់ថា, ស្ថានទូតចិនបានបញ្ជាក់ថា, វ៉ាក់សាំងចិនSinovacដែលជាការបញ្ជាទិញជំហានទីពីររបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន៥០ម៉ឺនដូសនឹងដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញនាថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ស្អែកនេះ។ ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖