ភ្នំពេញ៖ ដើម្បីការពារឲ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទៅដល់កងកម្លាំងមានសមត្ថកិច្ចដែលបាននិងកំពុងឈរជើងនៅតាមគោលដៅបិទខ្ទប់ទាំងគោលដៅចេញចូលរាជធានីនិងគោលដៅនៅកណ្តាលក្រុងនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានប្រគល់ឧបករណ៍ឧគ្ឃោសនស័ព្ទ ហៅមេក្រូកាន់ដៃចំនួន៥០គ្រឿង ជូនដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីយកទៅប្រើប្រាស់ឱ្យមានគម្លាតពីអ្នកធ្វើដំណើរ។
លោក ឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍ថា ការប្រគល់ឧគ្ឃោសនស័ព្ទ(មេក្រូកាន់ដៃ) ចំនួន៥០គ្រឿង ជូនដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនេះ គឺដើម្បីឱ្យកងកម្លាំងយើងយកទៅប្រើប្រាស់ឱ្យមានគម្លាតសុវត្ថិភាពពីអ្នកធ្វើដំណើរ ចៀសវាងកុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ខណៈ កម្លាំងសមត្ថកិច្ចកន្លងមកនិយាយដោយមាត់ មិនមានមេក្រូកាន់ដៃបំពងសំឡេង ។
សួមបញ្ជាក់ថា ជុំវិញការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានដាក់ទីតាំងត្រួតពិនិត្យច្រកចេញ-ចូលរាជធានីភ្នំពេញចំនួន៩គោលដៅ និងដាក់គោលដៅដើម្បីត្រួតពិនិត្យនៅតាមបណ្តាខណ្ឌទាំង១៤ចំនួន២៨គោលដៅទៀត សរុបទាំងអស់ចំនួន៣៧គោលដៅ ។
លោកឧត្ថមសេនីយ៍ ចេវ ហាក់ ស្នងការរងរាជធានីភ្នំពេញ ខណៈមកទទួលឧបករណ៍ឧគ្ឃោសនស័ព្ទ( មេក្រូកាន់ដៃ) ទាំង៥០គ្រឿងនេះពីលោកឃួង ស្រេង លោកបានបញ្ជាក់ថា មីក្រូកាន់ដៃទាំងនេះនឹងយកទៅប្រគល់ជូនសមត្ថកិច្ចប៉ូលិស ដែលឈរជើងនៅគ្រប់គោលដៅទាំងអស់ ដើម្បីបាននិយាយណែនាំពីវិធានផ្សេងៗ បានឆ្ងាយពីប្រជាពលរដ្ឋ ៕
ដោយ៖ សំរិត