ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរាជធានី ណែនាំអាជ្ញាធរនិងសមត្ថកិច្ចបើកទូលាយចំពោះបងប្អូនអាជីវករ ដឹកត្រី សាច់ បន្លែ បង្កាទៅផ្គត់ផ្គង់នៅទីផ្សារ និងមានវិធានការម៉ឺងម៉ាត់ចំពោះអ្នកជួបជុំផឹកស៊ីតាមផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញគណៈបញ្ជាការឯកភាពរដ្ឋាលរាជ ធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងដាក់គោលដៅប្រចាំការនៅ គោលដៅបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញត្រូវអនុវត្ត ការសម្រេចរបស់រាជរដ្ឋាភិបាលជុំវិញការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល១៤ថ្ងៃនេះឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានិងការអនុវត្តសេចក្តីសំរេចនេះអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចត្រូវបើកទូលាយអោយបងប្អូនអាជីវករ រកស៊ីដឹកត្រី សាច់ បន្លែ បង្កាទៅផ្គត់ផ្គង់នូវទីផ្សារ ដោយមិនត្រូវឃាត់ពួកគាត់ សួរនាំរកឯកសារច្រើន ពេកទេ ព្រោះយើងបានឃើញច្បាស់ហើយថា ពួកគាត់ដឹកជញ្ជូនអីច្បាស់នឹងភ្នែកហើយនោះ។

   ការណែនាំបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើង នៅរសៀល ថ្ងៃទី១៦ មេសា ឆ្នាំ២០២១  នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ video conference នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញអោយមានប្រសិទ្ធភាព។

   លោក ឃួង ស្រេង បានមានប្រសាសន៍ថា ៖សម្រាប់រាជធានីភ្នំពេញមានគោលដៅដែលត្រូវឃាត់ការចេញ ចូលរាជធានីចំនួន៩ទីតាំង និងទីតាំងផ្សេងទៀតនៅកណ្តាលក្រុងសរុបទីតាំងបិទច្រកចេញ ចូលរាជធានីចំនួន៩ទីតាំងនិងចំនួន២៨ទៀតនៅកណ្តាលក្រុងសរុបទាំងអស់ ចំនួន៣៧ទីតាំងដែលគណៈបញ្ជាការឯកភាពនិងកងកម្លាំងប្រដាប់អាវុធបានដាក់ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ជុំវិញទីតាំងដែលបានដាក់ទាំង៣៧ទីតាំងនេះ លោកឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរដូចជាកម្លាំងពាក់ព័ន្ធត្រូវអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាលជុំវិញការបិទខ្ទប់រាជធានីនេះឲ្យមានប្រសិទ្ធភាពខ្ពស់ តែមិនត្រូវអនុវត្តឲ្យលើកនិងខ្វះទេ ។ ចំពោះការដឹកទំនិញដែលយើងឃើញថាជាគ្រឿង ឧបភោគបរិភោគ បន្លែត្រីសាច់នោះ យើងត្រូវបើកផ្លូវអោយគាត់ធ្វើដំណើរចេញចូលទៅតាមសម្រួលទៅ។

  លោកឃួង ស្រេងក៏បានធ្វើការណែនាំទៅដល់អាជ្ញាធរខណ្ឌទាំង១៤ អនុវត្តអោយបានម៉ឺងម៉ាត់ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសខណ្ឌ៣ដែលយើងបានបិទខ្ទប់ដោយមានអ្នកជំងឺកូវីដ-១៩ នោះគឺខណ្ឌពោធិសែន ជ័យ ខណ្ឌសែន សុខ និងខណ្ឌមានជ័យ អាជ្ញាធរនិងសមត្ថកិច្ចត្រូវពង្រឹងឱ្យបានខ្លាំងក្លាបំផុត ជៀសវាងការជួបជុំគ្នាផឹកស៊ី នៅតាមផ្ទះនៅក្នុងទីតាំងដែលបិទខ្ទប់នេះ។ 

     លោកបញ្ជាក់ថា ៖បើសិនជាបងប្អូនដែលស្ថិតនៅក្នុងការបិទខ្ទប់ នៅតែល្មើស នៅតែបំពានទៅលើវិធានរបស់ក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញនឹងមានវិធានការ ដោយនឹងយកបងប្អូនដែលល្មើសទាំងនោះ មកធ្វើចត្តាឡីស័កនៅទីតាំងខាងក្រៅ ដែលរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ មិនអាចដើរហើរផឹកស៊ីស្រេចតែចិត្តទៀតទេ៕

ដោយ៖ សំរិត


ចែករំលែក៖