ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) បានសំណេរលើហ្វេសប៊ុកផ្លូវការរបស់លោកយ៉ាងដូច្នេះថា, “កំហុសរបស់ ខ្មែរក្រហម គឺលើសពីគ្រប់គ្រាន់ដែលអាចឆ្លុះបញ្ចាំងបាន ហើយកម្ពុជាកុំខុសម្តងទៀត”។ លោកបន្តថា, បើនរណាដើរតាមផ្លូវខ្មែរក្រហម ខ្ញុំឲ្យងារថាជាបីសាច ឬ ប្រែត៖
១- «មនោគមន៍វិជ្ជា»៖ ការបំផុសឲ្យស្អប់គ្នានេះគឺគ្រោះថ្នាក់ណាស់! មនុស្សចាប់មនុស្សយកទៅវៃចោលផុយ អន់ជាងសត្វធាតុទៅទៀត ក្រោមហេតុផលចោទថាជា «ខ្មាំង» របស់អង្គការ។ មនោគមន៍វិជ្ជា វាបណ្តុះឲ្យមនុស្សបែងចែកគ្នាថា នេះទាបជាង នេះអន់ជាង នេះមិនស៊ីវិល័យ… ហើយបណ្តុះការច្រណែន ប្រមាថ ហើយបើពួកនរក មានអំណាច វាអារ-ក អ្នកដែលវាស្អប់។ អ៊ីចឹងហើយ ដែលខ្ញុំតែងជំទាស់មនោគមន៍វិជ្ជាបរទេស។
២- «អំណាចក្នុងដៃជនអវិជ្ជា»៖ គឺស្មើឲ្យអំណាចទៅមនុស្សឆ្កួត។ នេះគឺគ្រោះថ្នាក់បំផុត។ វារាយការណ៍ យកមនុស្សទៅវៃចោល គ្មានអាសូរ។ បើវាខុស វារាយការណ៍ទៅថ្នាក់លើផ្សេង អ្នកងាប់ៗដដែល។ តែនៅឆ្នាំ១៩៧៩ ក្រោយ ប៉ុល ពត ដួលរលំ គឺប្រជាជន បានចាប់ពួកឈ្លប សន្តិសុខ ដែលគេហៅថា ពួកដៃដល់ យកទៅបាញ់ចោលមួយចំនួន។
៣- «សម្លាប់កុមារ និងការស្រាវជ្រាវក្រុមគ្រួសារយកទៅសម្លាប់បន្ត»៖ ពេលចូលអតីតគុកទួលស្លែង ខ្ញុំទទួលយកចំណុចនេះមិនបាន ជាពិសេសការសម្លាប់កុមារ ក្រោមពាក្យស្លោក «ជីកស្មៅ ត្រូវជីកទាំងឫស»។ លើសពីនេះ ស្រាវជ្រាវសាច់ញាតិ អ្នកពាក់ព័ន្ធសម្លាប់បន្តបន្ទាប់ ក្រោមគោលការណ៍ «សម្លាប់ខុស ប្រសើរជាងលែងខុស» ឬ «ទុកមិនចំណេញ ដកចេញមិនខាត»។
៤- «ការបណ្តុះភាពអាត្មានិយម»៖ ប៉ុល ពត និយាយពីការកសាងសមូហភាព សហករណ៍គំរូ ប៉ុន្តែដោយសារក្នុងបរិបទសង្គមទាំងមូលគឺ «មនុស្សភ័យខ្លាច» ក្រោមរបបអវិជ្ជានិងព្រៃផ្សៃយ៉ង់ឃ្នង មនុស្សទៅជា«អាត្មានិយម» ហើយថែមខ្មែរក្រហម «ឲ្យដាំដើមគរ» គឺសង្គមមួយក្លាយទៅជា «សក់នរណា ក្បាលអ្នកហ្នឹង»។
៥- «ការបែងចែកអ្នកចាស់ អ្នកថ្មី»៖ នេះគឺជាការបង្កើតឲ្យមាន«ទំនាស់»ជាស្វ័យប្រវត្តិក្នុងសង្គមមួយ ដែលគ្មានប្រព័ន្ធយុត្តិធម៌ ហើយមនុស្សសម្លាប់គ្នានៅតាមមូលដ្ឋាន ការដ្ឋាន សហករណ៍ ឃុំ ស្រុក តំបន់ ភូមិភាគ មជ្ឈិម តាមតែហេតុរៀងៗខ្លួន។
៦- របប ប៉ុល ពត ធ្វើរឿងខុសឆ្គងច្រើនទៀត ទាំងការធ្វើឲ្យបាត់ភាពជាមនុស្ស និងនាំសង្គមមួយបាក់ស្បាត ដើរត្រឡប់ក្រោយ ចុះនរកលោកីយ៍។ មនុស្សហូបមិនឆ្អែត គ្រាន់តែចាប់ក្តាម រកអាហារស៊ីថែម បែរជាចោទគ្នាខ្មាំងយកទៅវៃចោលដែរ។ ចាប់គ្រួសារគ្នាយកទៅវៃចោល បែរជាហាមមិនឲ្យគ្នាតក់ស្លុត ហាមមិនឲ្យយំស្តាយស្រណោះ… សង្គមវាឆ្កួតព្រៃផ្សៃ គ្មានមនោសញ្ចេតនាអស់ចឹងទៅ។ ទីបំផុត «គុណបុណ្យ ៧មករា» ជាតិបានរស់ឡើងវិញ ចាកចេញផុតពីរបបឆ្កួតបែបនេះ ហើយកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ត្រូវរៀនដំណើរប្រវត្តិសាស្ត្រជាតិយើង។ កុំដើម្បីបានអំណាច ធ្វើនយោបាយផ្លូវកាត់ កុំប្រមាថ ស្នាដៃមនុស្សជាន់មុន ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ទម្រាំកម្ពុជាបានដូចសព្វថ្ងៃ ខណៈខ្លួនមិនទាន់ធ្វើអ្វីថ្មីបាន។ «រក្សាមុំ៣» ឲ្យនៅគង់វង្សជាមួយគ្នាគឺ ជាតិ សាសនា ព្រះមហាក្សត្រ ៕
ប្រភព៖ លោក ហ៊ុយ វណ្ណៈ