ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបនែ្ល ស្ថិតនៅជុំវិញតំបន់ ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេស អាជីវករទាំងអស់ ឱ្យបានជ្រាបថា អាស្រ័យដោយស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុង ក្រោយនេះ មានបងប្អូនអាជីវករ និងកម្លាំងសន្តិសុខផ្សារដើមគ ចំនួនប្រមាណ ១០០ នាក់ បានឆ្លងវីរុសកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឱ្យ ព្រួយបារម្ភ នឹងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។
ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទូលគោក និងខណ្ឌបឹងកេងកង សម្រាប់រយៈពេលពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង រីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារនេះ គិតចាប់ពី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ មក ដែលមិនទាន់បានអញ្ជើញមកយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្ត រកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ចេនឡា ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវបំផុត។
រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេស អាជីវករទាំងអស់ ដែលកំពុងប្រកបអាជីវកម្មក្នុងមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ មានការយោគយល់ អធ្យាស្រ័យ និងចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ សុខ ខេមរា