ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនដំណឹងដល់ លោក លោកស្រីដែលត្រូវធ្វើដំណើរទៅ ចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី២នៅទីតាំងក្រៅពីខេត្តស្វាយរៀង ជ្រាបថា ក្នុងអំឡុង ពេលនៃការបិទខ្ទប់ការធ្វើដំណើរ ពីខេត្តមួយទៅខេត្តមួយក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ដោយកន្លងមកនេះមានបុគ្គលមួយចំនួនបានចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដូសទី១ នៅ ទីតាំងផ្សេងៗក្រៅពីខេត្តស្វាយរៀង ហើយបច្ចុប្បន្នបានធ្វើដំណើរមកខេត្តស្វាយរៀង រួចត្រូវជាប់ បម្រាមបិទខ្ទប់មិនអនុញ្ញាតឲ្យធ្វើដំណើរទៅចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី២ នៅ ទីតាំងដើមវិញ ។
រដ្ឋបាលខេត្ត សម្រេចអនុញ្ញាតឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូន លោក លោកស្រី សម្រាប់ដូសទី២ នៅតាមមណ្ឌលចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ទាំងអស់ក្នុងខេត្តដែលនៅជិតកន្លែង លោក លោកស្រីស្នាក់នៅ ដើម្បីឲ្យទាន់ពេលវេលាកំណត់ ដោយមិនឲ្យហួសចន្លោះពី ១៤ថ្ងៃ ទៅ ២១ថ្ងៃ ក្រោយពីការចាក់ដូសលើកទី១ សម្រាប់វ៉ាក់សាំងស៊ីណូវ៉ាក់ ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា