ព័ត៌មានទាន់ហេតុការណ៍៖

អធិការដ្ឋាននគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យ៥នាក់ពីបទរក្សាទុកថ្នាំញៀនដោយខុសច្បាប់

ចែករំលែក៖

        ខេត្តបាត់ដំបង៖ ជនសង្ស័យ៥នាក់ត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្រះស្តេច នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

  លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

   សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួនបាននោះមាន ៖

១-ឈ្មោះ សួន ឌី ហៅ ម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

២-ឈ្មោះ យិន សុធារី ហៅ ពិសី ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក  ក្រុងបាត់ដំបង។

៣-ឈ្មោះ ទិត្យ ណារ័ត្ន ហៅ វ៉ិត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

៤-ឈ្មោះ ដា កុសល ភេទប្រុស អាយុ ២៨ឆ្នាំ និង៥-ឈ្មោះ អ៊ុយ សំអុល ភេទប្រុស អាយុ ៤២ឆ្នាំ ទាំងពីរនាក់រស់នៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។   

   វត្ថុតាងចាប់យកបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន៥ថង់ ទម្ងន់ ២,១៦ក្រាមទាំងសំបក, ទូរស័ព្ទដៃចំនួន២គ្រឿង, ម៉ូតូចំនួន០២គ្រឿង,កាបូបដាក់លុយចំនួន២ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។ 

ជនសង្ស័យនិងវត្ថុតាងរហូតមកដល់ថ្ងៃនេះ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំឯកសារដើម្បីបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖