ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បន្ដចុះពិនិត្យ ពង្រឹងតាមបណ្ដាគោលដៅបិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានបន្ដចុះពិនិត្យនៅតាមគោលដៅបិទខ្ទប់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

   ជាការកត់សម្គាល់ស្ថានភាពចរាចរណ៍នៅព្រឹកនេះ គឺកាន់តែមានសភាពស្ងប់ស្ងាត់ ពោលនៅមានតែមធ្យោបាយធ្វើដំណើរបន្ដិចបន្ទួចតែប៉ុណ្ណោះ ហើយតាមការសួរនាំអ្នកធ្វើដំណើរទាំងអស់នោះ សុទ្ធតែករណីចាំបាច់ដែលត្រូវអនុញ្ញាត។ ដោយឡែក សម្រាប់អ្នកមិនចាំបាច់ គឺអាជ្ញាធរនៅតាមគោលដៅបិទខ្ទប់នោះ មិនអនុញ្ញាតឲ្យធ្វើដំណើរឡើយ។

     សូមបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ដកណ្ដាល ព្រមទាំងហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលមានអ្នកឆ្លងកាត់តែច្រើន ។ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យធ្វើចរាចរនៅរាជធានីភ្នំពេញជាដាច់ ខាត គឺមិនឲ្យចាកចេញពីផ្ទះ ប្រសិនបើនរណា ម្នាក់នៅតែល្មើស នឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៤៩សសរ.ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កងកម្លាំងសមត្ថកិច្ចនឹងចាប់ឃាត់គ្រប់មធ្យោបាយធ្វើដំណើរ និងផាកពិន័យ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោស។

   ការប្រកាសដាក់បទបញ្ជាដាច់ណាត់របស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារពិសេសមួយ បញ្ជាឱ្យរឹតបន្តឹង និងអនុវត្តច្បាប់ចំពោះជនដែលចល័តចុះឡើងផ្ទុយពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ៕

 ដោយ៖ សំរិត


ចែករំលែក៖