ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ចំការមន នឹងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានចុះត្រួតពិនិត្យតាមគោលដៅបិទខ្ទប់ ក្នុងភូមិសាស្ត្រខណ្ឌ កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ ដែលអនុវត្តតាម សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកអភិបាលខណ្ឌ បានផ្ដល់ ភេសជ្ជ: និងថវិកា ជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលប្រចាំការតាមគោលដៅ ។
លោក ថេង សុថុល បានដាក់បទបញ្ជា និងក្រើនរំលឹកដល់កម្លាំងឈរជើងតាមគោលដៅនីមួយៗ ក្នុងខណ្ណចំការមន ត្រូវពង្រឹង និងយកចិត្តទុកដាក់ឲ្យបានម៉ឺងមាត់ ទន់ភ្លន់ បទបែន មានតម្លាភាព ដោយមិនត្រូវប្រើប្រាស់ពាក្យសម្ដី ឬ កាយវិការណាមួយ មិនសមរម្យទៅលើប្រជាពលរដ្ឋនោះទេ ចំពោះការអនុវត្តភារកិច្ចក្នុងការទប់ស្កាត់ លំហូរប្រជាពលរដ្ឋ ចេញ-ចូលរាជធានីភ្នំពេញ ឆ្លងកាត់គោលដៅឈរជើង ឲ្យមានប្រសិទ្ធភាព នូវអ្វីដែលជាសេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាល។ លោកអភិបាលខណ្ឌ ក៏បានណែនាំកម្លាំងសមត្ថកិច្ច ប្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ ធ្វើការបកក្រោយ ហើយប្រសិនបើមិនគោរពតាមទេ និងធ្វើការពិន័យទៅតាមច្បាប់ ។
ព្រមជាមួយគ្នានេះ លោក ថេង សុថុល បានសង្កត់ធ្ងន់ថា ចំពោះកម្លាំងដែលកំពុងឈរជើង ទាំងវេនថ្ងៃ និងយប់ នៅ គ្រប់គោលដៅ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការសុខាភិបាល ពិសេសត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសង្គមឱ្យបានជាប់ជាប្រចាំ ។
ក្នុងពេលដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងដែលបិទខ្ទប់រាជធានីភ្នំពេញផ្លូវ ព្រះនរោត្ដម លោកអភិបាលខណ្ឌចំការមន ក៏បាននាំយកនូវភេសជ្ជៈ ម៉ាស់ និងថវិកាមួយចំនួន ជូនដល់កម្លាំង ដែលប្រចាំការ ការពារនៅតាមគោលដៅ នីមួយៗផងដែរ ដែលគោលដៅសរុបមានចំនួន៤៥គោលដៅ, គោលដៅ២៤ម៉ោង មាន៣គោលដៅ នៅផ្លូវព្រះនរោត្ដម ២គោលដៅ និងស្តុបនាគបាញ់ទឹក ១គោលដៅ ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុង តាខ្មៅ រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងមានការកើនឡើងខ្លាំង ៕
ដោយ៖ ជីណា