ភ្នំពេញ៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ នៅព្រឹកថ្ងៃអាទិត្យ ០៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬកន្លែងស្នាក់នៅបច្ចុប្បន្ននោះឡើយ ប្រសិនបើគ្មានការចាំបាច់ នេះជាសារមួយដេីម្បីឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតជាសកល។
លោក ម៉ុក ច័ន្ទករុណា បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ចន្លោះម៉ោង០៧ និង០០នាទីព្រឹក រហូតដល់ម៉ោង១១និង០០នាទីព្រឹកថ្ងៃដដែល ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក ដឹកនាំកម្លាំងចម្រុះមួយក្រុមបានចុះពង្រឹងគោលដៅបិទខ្ទប់ ចាប់ពីចំណុចមហាវិថីព្រះសីហុនកែងផ្លូវលេខ៦៣ មកទល់មហាវិថីព្រះមុន្នីវង្ស និងកំណាត់បណ្តោយមហាវិថីព្រះមុន្នីវង្ស ចាប់ពីចំណុចមហាវិថីព្រះសីហនុកែងមហាវិថីព្រះមុន្នីវង្ស មកទល់ស្តុបហ្សាលដឺហ្គោល ទៅតាមសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោងសូន្យ ថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ដកណ្ដាល ព្រមទាំងហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលមានអ្នកឆ្លងកាត់តែច្រើន ។ ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យធ្វើចរាចរនៅរាជធានីភ្នំពេញជាដាច់ ខាត គឺមិនឲ្យចាកចេញពីផ្ទះ ប្រសិនបើនរណា ម្នាក់នៅតែល្មើស នឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិ បាល លេខ៤៩សសរ.ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កងកម្លាំងសមត្ថកិច្ចនឹងចាប់ឃាត់គ្រប់មធ្យោបាយធ្វើដំណើរ និងផាកពិន័យ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោស។
គួរបញ្ជាក់ថា ការប្រកាសដាក់បទបញ្ជាដាច់ណាត់របស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារពិ សេសមួយបញ្ជា ឱ្យរឹតបន្តឹង និងអនុវត្តច្បាប់ចំពោះជនដែលចល័តចុះឡើងផ្ទុយពីវិធានការរបស់រាជរដ្ឋាភិ បាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ៕ ដោយ៖ស តារា