ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បន្ដទទួលអំណោយពីសប្បុរសជនជាសម្ភារ ខ្ញីទឹកឃ្មុំ និងបន្លែផ្លែឈើជាច្រើនកេសជូនរដ្ឋបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបន្ដទទួលអំណោយពីសប្បុរសជនជាសម្ភារ ខ្ញីទឹកឃ្មុំ និងបន្លែផ្លែឈើជាច្រើនកេសជូនរដ្ឋបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ ។ សប្បុរសជនជាក្រុមហ៊ុនឯកជននោះគឺក្រុមហ៊ុន KINO Care Cambodia និង ក្រុមហ៊ុនលីលីហ្វូត អុិនដាសទ្រី ខូអិលធីឌី  បាននាំយកមកផ្ដល់ជូននាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ មានជាសម្ភារ ខ្ញីទឹកឃ្មុំចំនួន ១០កេស និងបន្លែផ្លែឈើក្រៀុមចំនួន៥០ កេសជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈជំងឺនេះកំពុងឆ្លងយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។

​​​​    ក្នុងឱកាសនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរ គុណចំពោះក្រុមហ៊ុនដែលបានចូលរួមចំណែកបានទាន់ពេលវេលា តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានអំណោយយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋយើងដែលកំពុងជាប់ធ្វើចត្តាឡីសក័តាមមូលដ្ឋាន និងតាមលំនៅ ឋានជាច្រើនគោលដៅក្នុងរាជធានីភ្នំពេញ ដែលត្រូវការជំនួយឧបត្ថម្ភជាចាំបាច់។   

   កាយវិការរបស់សប្បុរសជនក្នុងពេលនេះ ពិតជាបានរួមចំណែកដោះ ស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញ ៕

ដោយ៖ សំរិត


ចែករំលែក៖