ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះថា កម្លាំងពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជិះម៉ូតូអមបុរសម្នាក់ដឹកប្រពន្ធទៅមន្ទីរពេទ្យដើម្បីសម្រាលកូន ក្នុងអំឡុងអនុវត្តវិធានការបិទខ្ទប់ គោលដៅចរាចរណ៍ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដេីម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។
ជាក់ស្ដែងនៅក្នុងសំណេររបស់លោក ស ថេត បានឲ្យដឹងថា នៅវេលាម៉ោង ១១និង៤៥នាទីយប់ថ្ងៃសៅរ៍ទី១៧ ខែមេសា ឆ្នាំ២០២១ ដោយបានឃេីញបុរសម្នាក់កំពុងដឹកប្រពន្ធតាមម៉ូតូដេីម្បីរកមន្ទីរពេទ្យសម្រាប់ប្រពន្ធសម្រាលកូន ស្របពេលដែលកម្លាំងពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ( S.D.U) កំពុងតែល្បាត ក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ បានឃេីញ ដោយក្តីអាណិត និងបារម្ភខ្លាចប្រពន្ធបងប្រុស សម្រាលកូននៅតាមផ្លូវ ទេីបកម្លាំងក៏បានជិះអមដំណេីរជូនគាត់ទៅដល់មន្ទីរពេទ្យអង្គដួងដោយសុវត្ថិភាព៕
ដោយ៖សហការី