ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ចាមបញ្ជាឱ្យវ៉ៃខ្នោះបុរសម្នាក់ប្រមូលផ្ដុំគ្នាផឹកស៊ី និងជេរប្រមាថសមត្ថកិច្ចក្នុងពេលអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ ម៉ោងជាង១០យប់ទៅ​ហេីយនៅឡេីយមិនព្រមសំងំដេករក​ក្តីសុខសាន្តក្នុងផ្ទះទេ​ បែរជាប្រមូលផ្តុំគ្នា​ ផឹកស៊ីតាមទម្លាប់ចាស់​ថែមទាំងជេរ​ ប្រមាថមកលេីកម្លាំង​សមត្ថកិច្ច​ពេល​ចុះហាមឃាត់​ទៀត​ផង។ ដូច្នេះវិធានការ​ដែលត្រូវអនុវត្តនាពេលនេះគឹចាប់​ឃាត់ខ្លួនបញ្ជូនទៅ​តុលា​ការ​តាមច្បាប់ក្នុងដំណាក់កាលកូវីដ-១៩​ ។ 

យោងតាមមន្ត្រីនគរបាលស្រុកកំពង់សៀមបានឱ្យដឹងថា នៅវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចស្រុកកំពង់សៀម បានធ្វើការចុះល្បាតត្រួតពិនិត្យ និងផ្សព្វផ្សាយមិនឱ្យមានការប្រមូលម្តុំ ជួបជុំផឹកស៊ី ដើម្បីការពារការរីករាលដាលនៃមេរោគឆ្លងកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តឃុំរំចេក រហូតមកដល់ចំណុចភូមិរំលេច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លុះមកដល់វេលាម៉ោង១០៖៣០នាទីយប់ សមត្ថកិច្ចបានជួបបុរសម្នាក់ឈ្មោះ យន់ ស៊ាងហ៊ី ហៅ ប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកើតហេតុបានដើរ​ចេញពីកន្លែងផឹកស៊ី ហើយស្រែកជេរមកលើអាជ្ញាធរ កម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារថា «ពួកអាធ្វើការឃុំ ពួក​ហ្អែងធ្វើការឱ្យល្អតិចមើល ដោយក្នុង​ស្ថានភាពស្រវឹង» ។ ឃើញដូច្នេះ កម្លាំងសមត្ថកិច្ចបាននិយាយណែនាំឲ្យឈប់ផឹកស៊ី ឆាប់ទៅផ្ទះចូលដេក តែឈ្មោះ យន់ ស៊ាងហ៊ី ហៅប្រុស ពុំស្តាប់ឡើយ។

ប្រភពព័ត៌មាន​បន្តថា​ នៅពេលនោះអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចយើងបានយកឈ្មោះ យន់ ស៊ាងហ៊ី មកអប់រំណែនាំតាមសេចក្តីសម្រេចលេខ៤៩ ស.ស.រ របស់រាជរដ្ឋាភិបាល និងធ្វើកិច្ចសន្យានៅប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក រួចកម្លាំងសមត្ថកិច្ចបានឱ្យឈ្មោះ យន់ ស៊ាងហ៊ី ត្រឡប់ទៅផ្ទះវិញ។ប៉ុន្តែពេលដើរចេញដល់ចំណុចផ្លូវមុខប៉ុស្តិ៍ ស្រាប់តែឈ្មោះ យន់ ស៊ាងហ៊ី នេះនៅតែបន្តស្រែកជេរប្រមាថមកលើអាជ្ញាធរ កម្លាំងសមត្ថកិច្ចទៀតថា «ពួកអាឆ្កែ អាប៉ូលិសឡប់ៗ អាមេឃុំអាចម៍ៗ» ។ដោយសារតែអប់រំណែនាំមិនស្តាប់ ទើបសមត្ថកិច្ចបានឃាត់ខ្លួនបុរសរូបនេះតាមបទបញ្ជារបស់អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ហើយសមត្ថកិច្ចបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធីចាត់ការទៅតាមផ្លូវច្បាប់​ ។ 

បេីតាមបទបញ្ជាលោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​បញ្ជាឱ្យសមត្ថកិច្ចដាក់ខ្នោះបុរសម្នាក់នោះចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីជននោះបានប្រមូលផ្ដុំគ្នាផឹកស៊ីល្មើសទៅនឹងវិធានការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ថែមទាំងបានជេរប្រមាថមកលើអាជ្ញាធរ និងសមត្ថកិច្ច​ទៀតនោះ ៕

ដោយ៖ វណ្ណៈ


ចែករំលែក៖