ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់មកលេងប្រពន្ធនៅបន្ទប់ជួលក្នុងក្រុងប៉ោយប៉ែត ពេលប្រពន្ធមិននៅ ឃើញនារីដែលស្នាក់នៅរួមបន្ទប់ជាមួយប្រពន្ធឡើងចាប់រំលោភលើគ្រែ បានសម្រេចមួយដង ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ បញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២១។
ជនសង្ស័យឈ្មោះ អៀក សេងថៃ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
លោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពេលសួរនាំ ជនសង្ស័យខាងលើបានសារភាពថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ខ្លួនគេ(ជនសង្ស័យ)បានមកលេងប្រពន្ធ នៅក្នុងបន្ទប់ជួលក្បែរខារ៉ាអូខេអេផ្លាស ក្រុងប៉ោយប៉ែត តែភ្លាមនោះរូបគេ បានដើរផឹកស៊ីជាមួយមិត្តភក្តិរហូតដល់ស្រវឹង ក្រោយមកក៏ត្រឡប់ទៅបន្ទប់ជួលវិញ តែប្រពន្ធរវល់ធ្វើការ នៅតែនារីរងគ្រោះ ឈ្មោះ អ.វ អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាមួយប្រពន្ធជនសង្ស័យ។
លោក នួន នីណារ៉ូ បញ្ជាក់ថា ពេលឃើញនារីរងគ្រោះ ដេកនៅក្នុងបន្ទប់ម្នាក់ឯង ជនសង្ស័យច្របាច់ក គំរាមសម្លាប់ រួចធ្វើសកម្មភាពចាប់រំលោភទាល់តែបានសម្រេច។ ក្រោយពីរំលោភរួចនារីរងគ្រោះបានដាក់ពាក្យបណ្តឹងឲ្យកម្លាំងកងរាជអាវុធហត្ថក្រុង ចុះឃាត់ខ្លួនជនសង្ស័យយកមកសួរនាំតែម្តង។
ជនសង្ស័យត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ វណ្ណា