ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ដែលបាន​កាត់​ខ្សែ​របាំង​គោលដៅ​សមត្ថកិច្ចនៅសង្កាត់ផ្សារ​ដេប៉ូ​ទី​២​ ត្រូវ​តុលាការ​សម្រេច​កាត់​ទោស​ឲ្យ​ដាក់ពន្ធនាគារ១ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ដែលបាន​កាត់​ខ្សែ​របាំង​គោលដៅ​សមត្ថកិច្ច នៅសង្កាត់ ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ហើយ​ត្រូវ​កម្លាំង​នគរបាលឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។ លុះនៅថ្ងៃទី១៨ ខែមេសា​ ឆ្នាំ ២០២១នេះ​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បើកសវនាការជំនុំជំរះ និងបានសម្រេចកាត់ទោសបុរសរូបនេះ ដាក់ពន្ធនាគារ១ឆ្នាំ ។

បុគ្គលឈ្មោះ ដា​រ៉ា រ័​ត្ន​សុគន្ធ ហៅ ផានិត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៣៩៣E ផ្លូវ​លេខ​១២៨ ក្រុម​ទី​៦៩ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

បេីយោង​តាមការលេីកឡេីងរបស់លោក គុ​ជ គឹ​ម​ឡុ​ង ​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១៨​ ខែមេសានេះ​ដែរថា៖ ក្រោយ​ពី​លោក ឡុ​ង ជាប ព្រះរាជអាជ្ញា​រង បាន​បើក​ការ​សាកសួរ​ជនសង្ស័យ​រូបនេះ តាម​និ​តិ​វិធីរួច ក៏បាន​សម្រេច​ធ្វើការ​ចោទប្រកាន់ ជនសង្ស័យ​ ឈ្មោះ ដា​រ៉ា រ័​ត្ន​សុគន្ធ ហៅ ផានិត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ តាមមាត្រា ៤ ​និងមាត្រាទី ១១ នៃ​ច្បាប់​ស្តី​ពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត (ច្បាប់កូវីដ-១៩) រួច​ត្រូវ​បាន​បញ្ជូន​ទៅ​ខាង​ចៅក្រមដើម្បី​បើក​ការ​ជំនុំជម្រះ​ផ្ទាល់​តែ​ម្តង នារសៀលថ្ងៃទី​១៨ ខែមេសានេះដែរ​។

អ្នកនាំពាក្យរូបនេះ​ បន្តថា ក្រោយពីបើកសវនាការជំនុំជម្រះ​ផ្ទាល់ រួចរាល់ ចៅក្រមជំនុំជំរះ លោក ឡុង វណ្ណា បានសម្រេចផ្តន្ទាទោសបុគ្គលខាងលើនេះ​ ឲ្យជាប់ពន្ធនាគាររយៈពេលមួយ (០១) ឆ្នាំ គិតចាប់ពីថ្ងៃចាប់ខ្លួន ។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏បានបញ្ជាក់ថា​ មុន​ពេល​កើតហេតុ នៅ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល ១០​និង​៣០​នាទី កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ចុះ​អនុវត្ត​សេចក្ដីសម្រេច ស្ដី​ពី​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ចំណុច​ផ្លូវ​លេខ​១២៨ កែង​ផ្លូវ​២១៥ ក្រុម​ទី​២២ ភូមិ​៩ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ស្រាប់តែ​មាន​ជនសង្ស័យ​ឈ្មោះ ដា​រ៉ា រ័​ត្ន​សុគន្ធ បាន​ដើរមក​ពី​ផ្ទះ រួច​បាន​យក​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច ដង​ពណ៌​ក្រហម​ចំនួន​០១ យក​មក​ធ្វើ​សកម្មភាព កាត់​ខ្សែ​របាំង​ការពារ​គោលដៅ​របស់​សមត្ថកិច្ច​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​យានជំនិះ​ធ្វើ​ចរ​រា​ចរណ៍​ជិះ​ឆ្លងកាត់​តាម​ដងផ្លូវ បណ្ដាល​ឲ្យ​ដាច់​ខ្សែ​របាំង​ការពារ​គោលដៅ​របស់​សមត្ថកិច្ច​យើង រួច​ហើយ​រត់គេច​ខ្លួន ។
ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​យើង​ដែល​នៅ​ប្រចាំការ​គោលដៅ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ដា​រ៉ា រ័​ត្ន​សុគន្ធ ហៅ ផានិត និង​ចាប់​យក​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច ដង​ពណ៌​ក្រហម​ចំនួន​០១ រួច​បញ្ជូន​មក​កាន់ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើ​ម្ប​ចាត់ការ​តាម​នីតិ​វ​ធី​ច្បាប់​តែ​ម្ដង ។

បច្ចុប្បន្ន​​បុគ្គល​ខាងលេីនេះ​ ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេចកាត់ទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ៕

 

ដោយ​៖សហការី

 


ចែករំលែក៖