ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសារជាការក្រើនរំលឹកទៅដល់ គណៈអភិបាលខណ្ឌទាំង១៤ និងកងកម្លាំងសមត្ថកិច្ច ដែលអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ដ្រខ្លួន ។
រដ្ឋបាល រាជធានីភ្នំពេញ សូមប្រាប់ថា មិនត្រូវ រារាំងមន្ត្រីសុខាភិ បាល គ្រូពេទ្យ អ្នកលក់ឱសថ និងអ្នកដឹកជញ្ជូនចំណីអាហារនោះឡើយ។
សារក្រើនរំលឹករបស់លោក កើត ឆែ ផ្ញើទៅកាន់គណៈអភិបាលខណ្ឌ នឹងសមត្ថកិច្ចនេះ បន្ទាប់ពីលោក ទទួលបានព័ត៌មាន នៃការរារាំងមន្ត្រីសុខាភិបាល គ្រូពេទ្យ អ្នកលក់ឱសថ និងការឆែកឆេរក្រុមអ្នកដឹកចំណីអាហារជាដើម។
លោកបានគូសបញ្ជាក់ថា ការរារាំងបែបនេះ គឺខុសនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ហើយធ្វើឱ្យប៉ះពាល់ដល់ការផ្តល់សេវាព្យាបាលជំងឺ ការលក់ឱសថ និងការផ្គត់ផ្គង់ចំណីអាហារ ក្នុងរាជធានីភ្នំពេញផងដែរ៕
ដោយ៖ សំរិត