ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបអំពាវនាវដល់រុស្ស៊ី ដកទាហានចេញពីតំបន់ព្រំដែនជាប់អ៊ុយក្រែន

ចែករំលែក៖

ឧត្តមស្នងការសហគមន៍អឺរ៉ុបទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស លោក Josep Borrell នៅថ្ងៃទី ១៩ខែមេសា បានបញ្ជាក់ថា ការដែលរុស្ស៊ីបង្កើនទាហាននៅជាប់ព្រំដែនអ៊ុយក្រែនគឺជាសកម្មភាពមួយប្រកបដោយគ្រោះថ្នាក់។ ទន្ទឹមនឹងនោះលោកក៏បានអំពាវនាវដល់រុស្ស៊ីដកទាហានចេញជាបន្ទាន់។
តាមការលើកឡើងរបស់លោក Josep Borrell ជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសសហគមន៍អឺរ៉ុបនឹងធ្វើឡើងនៅក្នុងថ្ងៃនេះ ពិភាក្សាពីការប្រឈមមុខតានតឹងរវាងរុស្ស៊ីនឹងអ៊ុយក្រែន។
រុស្ស៊ីត្រូវបានគេដឹងថាបានបញ្ជូនកម្លាំងទាហានរាប់ពាន់នាក់ទៅកាន់តំបន់ព្រំដែនជាប់ប្រទេសអ៊ុយក្រែន និងតំបន់គ្រីមៀ។ ប្រធានាធិបតីបារាំងលោកម៉ាក្រុង បានបញ្ជាក់ថាសហគមន៍អន្តរជាតិត្រូវតែកំណត់បន្ទាត់ច្បាស់លាស់ជាមួយរុស្ស៊ី ហើយបណ្តាប្រទេសត្រូវតែត្រៀមលក្ខណៈដាក់ទណ្ឌកម្មទៅលើរុស្ស៊ី។ ប៉ុន្តែប្រធានាធិបតីបារាំងបញ្ចាក់ថា ទ្វារនៃកិច្ចពិភាក្សាជាមួយរុស្ស៊ីនៅតែបើកចំហដដែល។
ចំណែករុស្ស៊ីបានបញ្ជាក់ថា ខ្លួននឹងបន្តរក្សាកម្លាំងទាហាននៅតំបន់ព្រំដែនជាប់អ៊ុយក្រែនប្រសិនបើចាំបាច់។

រុស្ស៊ីបញ្ជាក់ថា សកម្មភាពខាងលើនឹងមិនបង្កផលប៉ះពាល់ឬការគំរាមកំហែងណាមួយនោះឡើយ។
នៅក្នុងព្រឹត្តិការណ៍មួយពាក់ព័ន្ធនោះដែរ កម្លាំងទាហានអ៊ុយក្រែនបានបើកការបាញ់ប្រហារ រយៈពេល៥ម៉ោងទៅលើទីតាំងក្រុមប្រឆាំងដែលរុស្ស៊ីគាំទ្រនៅតំបន់ Donetsk នៅថ្ងៃទី១៨ខែមេសា។ ការវាយប្រហារនោះបណ្តាលឲ្យខូចខាតយ៉ាងខ្លាំងដល់កម្លាំងទាហាននៅតំបន់ Donbass ។ ការវាយប្រហារធ្វើឡើងដោយ កាំភ្លើងធំរថពាសដែក BMP-2 មានទំហំ១២០-១២២មិល្លីម៉ែត្រ៕ដោយ៖ ធីរីណា

រូបភាព៖ Reuters 


ចែករំលែក៖