ព័ត៌មានទាន់ហេតុការណ៍៖

ទាហានថៃចាប់ពលករខ្មែរ២៣នាក់និងមេខ្យល់ថៃ២នាក់នាំមនុស្សឆ្លងដែនខុសច្បាប់

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចថៃក្នុងស្រុកតាព្រះយ៉ា បានឃុំខ្លួនក្រុមមេខ្យល់២នាក់និងតៃកុងរថយន្តលួចនាំពលករខ្មែរខុសច្បាប់ចូលប្រទេសថៃចំនួន២៣នាក់ក្នុងនោះមានម្ចាស់ផ្ទះរួមគំនិតលាក់បំពួនក្នុងទឹកដីស្រុកគោកឃ្យូង ខេត្តស្រះកែវនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ។

  សារព័ត៌មានថៃរាយការណ៍ថា សមត្ថកិច្ចទាហានឈុតខ្មៅ ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ សហការជាមួយកម្លាំងស្រាវជ្រាវស្រុកគោកឃ្យូង ក្រោយទទួលបានសេចក្ដីរាយការណ៍ថា មានការលបលួចចូលប្រទេសថៃដោយខុសច្បាប់ នៅក្នុងទឹកដីស្រុកគោកឃ្យូង ព្រមទាំងទាក់ទងទៅអង្គភាពពាក់ព័ន្ធ ដើម្បីចូលទៅត្រួតពិនិត្យនិងចាប់ខ្លួននៅទឹកដីខាងលើ។

  ក្នុងប្រតិបត្តិការស្រាវជ្រាវនោះសមត្ថកិច្ចរកឃើញរថយន្តធុនតូចចំនួន២គ្រឿង បើកចូលមកផ្ទះលេខ៣ ភូមិ៣ ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ។ សមត្ថកិច្ចថៃបានបង្ហាញអត្តសញ្ញាណបុគ្គលលបលួចចូលប្រទេសថៃខុសច្បាប់ ជាពលករខ្មែរចំនួន២៣នាក់ ក្នុងនោះមានប្រុស១៥នាក់ និងស្រី៨នាក់ អង្គុយក្នុងរថយន្តធុនតូចម៉ាកតូយ៉ូតា ពណ៌ក្រហម ពាក់ស្លាកលេខ7กฌ-2205 ក្រុងថេប ចំនួន៦នាក់ នៅក្នុងរថយន្តធុនតូចម៉ាកតូយ៉ូតា ពណ៌ទឹកមាស ពាក់ស្លាកលេខญส-5083ក្រុងថេប ចំនួន៩នាក់ និងនៅក្នុងផ្ទះរបស់អ្នកស្រី បានយេន សាវិឡាស អាយុ៦៩ឆ្នាំ ផ្ទះលេខ៣ ភូមិណងសេម ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ ចំនួន៨នាក់ទៀត ព្រមទាំងមេខ្យល់ជនជាតិថៃ២នាក់ និងម្ចាស់ផ្ទះម្នាក់ សរុប២៥នាក់។

  ក្រោយពីការសួរនាំរបស់សមត្ថកិច្ចមេខ្យល់ជនជាតិថៃ២នាក់បានប្រាប់ថា ពួកគេបានទទួលប្រាក់ក្នុងម្នាក់៩០០បាត ឱ្យនាំពលករបញ្ជូនទៅខេត្តឆះឆឺង សៅ៣នាក់,ផ្សារថៃម្នាក់,ផ្លូវឧត្តមសុខបាងកក២នាក់,ហួយក្វាង បាងកក២នាក់,ខេត្តប្រាជីន បុរី២នាក់,ខេត្តសមុទ្រប្រាកាន២នាក់,

ខេត្តណៈខន នាយក២នាក់,ខេត្តរ៉ាក់យ៉ង៣នាក់,ខេត្តឈុនបុរី៥នាក់ និងផាបព្រះយ៉ា៥នាក់ទៀត។

ក្រៅពីនេះ ពលករខ្មែរបានប្រាប់សមត្ថកិច្ចថា បានធ្វើដំណើរចូលមកប្រទេសថៃតាមច្រករបៀង និងមានរថយន្តដឹកមកផ្ទះរបស់អ្នកស្រី បានយេន ដើម្បីរង់ចាំរថយន្តដឹកទៅគោលដៅផ្សេងៗបន្តទៀត ទើបសមត្ថកិច្ចនាំជនត្រូវចោទទាំងអស់ទៅសួរនាំបន្ថែម ដើម្បីអនុវត្តតាមច្បាប់ នៅស្ថានីយនគបាលគោកឃ្យូង និងធ្វើកំណត់ហេតុចាប់ខ្លួនបណ្ដេញចេញតាមច្រកMOUភូមិ ណូន ម៉ាកមុន មកកម្ពុជាវិញ៕

ដោយ ៖វណ្ណា


ចែករំលែក៖