ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ លួចរុឺម៉កមិនបានសម្រេច នៅសង្កាត់ចោមចៅទី១

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ ល្បាតក្នុងមូលដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ បានជាបន្តបន្ទាប់ក្រោយពីពួកគេបើករ៉ឺម៉កមួយគ្រឿងធ្វើសកម្មភាពលួចរុឺម៉កមួយគ្រឿងទៀតមិនបានសម្រេច កាលពីវេលាម៉ោង១០ និង៣០ នាទីយប់ថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២១ នៅចំណុចក្បែរវត្តអង្គតាមិញ ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុននឹងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់កម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី១ សហការជាមួយកម្លាំងប្រជាការពារ បានល្បាតនៅក្នុងភូមិសាស្ត្រក្បែរគោលដៅបិទខ្ទប់ក៏ប្រទះឃើញជនសង្ស័យចំនួន៣នាក់ជិះម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង មកឈប់ធ្វើសកម្មភាពលួចរុឺម៉កមួយគ្រឿងទៀតរបស់ប្រជាពលរដ្ឋទុកចោលនៅចំណុចកន្លែងកើតហេតុ មិនបានសម្រេចត្រូវបានកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញ បានធ្វើការឃាត់ខ្លួនបានម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកបក្ខពួក២ នាក់ទៀតបានបើករុឺម៉ករត់រហូតមកដល់ចំណុច ស្តុបវត្តអង្គតាមិញផ្លូវ ២០០៤  ទើបកម្លាំងសមត្ថកិច្ចឃាត់បានទាំងពីរនាក់បន្តទៀត។

បច្ចុប្បន្នជនសង្ស័យចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីធ្វើការសួរនាំបន្ត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖