ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ចំនួន ៥០០គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងរាំងខ្ទប់ មកពីភូមិភ្នាត ភូមិព្រែកទាល់ និងភូមិព្រែកទាល់១ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ពិធីចែកអំណោយនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី ១៩ មេសា ឆ្នាំ២០២១ នៅសង្កាត់ស្ទឹងមានជ័យទី២ ។
លោក ឃួង ស្រេង បានលើកឡើងថា អំណោយ ដ៏ថ្លៃថ្លាទាំងអស់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូ, មី១ កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ ក្នុងមួយគ្រួសារ។
អភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា សម្ដេចទាំងទ្វេបានយកចិត្តទុកដាក់ណាស់ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងសម្រាក ធ្វើចត្តាឡីស័កតាមផ្ទះ តាមបន្ទប់ ក៏ដូចជាតាមមណ្ឌលផ្សេងៗ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភ សម្តេចតេជោ ដាច់ខាតមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់អាហារនោះ ទេ។
ទន្ទឹមនឹងនេះ លោក ឃួង ស្រេង សូមឲ្យប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័កឲ្យបានគ្រប់ចំនួនថ្ងៃ ដែលក្រសួងសុខា ភិបាលបានកំណត់ ហើយស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ជាពិសេសសម្តេចតេជោ នៅតែបន្តគិតគូនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក ផងដែរ៕
ដោយ៖ សំរិត