ខេត្តកំពង់ឆ្នាំង ៖ កម្មការិនីម្នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តដឹកកម្មករ កម្មការិនីក្រឡាប់កាលពីវេលាម៉ោង១៩និង៤៥នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិខ្នាកណ្ដាល ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះស្លាប់ក្នុងករណីគ្រោះថ្នាក់ចរចរណ៍នេះឈ្មោះយ៉េត សុខេន ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែអ៊ុក ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ចំពោះកម្មករកម្មការិនី៥នាក់ផ្សេងទៀតដែលរងរបួសធ្ងន់និងស្រាល រស់នៅឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ ៣D-៧០៥៤ បើកបរដោយឈ្មោះវ៉ង់ បឿន ភេទប្រុស អាយុ៣៥ឆ្នាំ ដឹកកម្មករកម្មការិនីពីរោងចក្រមកផ្ទះនាពេលយប់ ហើយកម្មករ កម្មការិនីដែលជិះរថយន្តនេះបានចុះតាមផ្ទះជិតអស់ហើយ នៅពេលមកដល់ចំណុចកើតហេតុ ដោយសារស្ថានភាពផ្លូវតូច រថយន្តបើកក្នុងល្បឿនលឿនធ្វើឱ្យបួងចង្កូតអត់ទាន់ក៏ក្រឡាប់តែម្តង បណ្តាលឲ្យមនុស្សដែលជិះលើរថយន្តខ្ទាតចេញមកក្រៅ ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល៥នាក់តែម្តង ។
ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ រីឯអ្នករងរបួសត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ចំណែកមធ្យោបាយបង្កសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕
ដោយ៖ ចន្ថា