ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកម៉ូតូសណ្ដោងរុឺម៉កមិនមានភ្លើងបំភ្លឺផ្លូវត្រូវម៉ូតូបើកបញ្ច្រាសគ្នាបុកស្លាប់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូសណ្ដោងរុឺម៉កបើកបញ្ច្រាសទិសគ្នាបុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់លើផ្លូវលំក្រាលក្រួសក្រហម ស្ថិតនៅត្រង់ចំណុច ភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

   សមត្ថកិច្ចនគរបាលស្រុករមាសហែកបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ម៉ា វន្នី អាយុ៥២ឆ្នាំ មុខរបរកម្មករនៅស្នាក់ការគយសាខាខេត្តស្វាយរៀង ស្ថិតក្នុងភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។  ចំណែកអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយបង្កហេតុបានបើកគេចខ្លួនភ្លាមៗទៅទិសខាងកើតបាត់ស្រមោលទៅ។

  បើតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកFuture សេ១២៥ ពណ៌ក្រហម  ពាក់ស្លាកលេខស្វាយរៀង១I-៤២៣៩ លើផ្លូវលំក្រាលក្រួសក្រហម ក្នុងទិសដៅពីកើតទៅលិចខណៈនោះស្រាប់តែមានម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងបើកបរក្នុងទិសដៅផ្ទុយគ្នាដោយមិនមានភ្លើងបំភ្លឺផ្លូវខ្វះការប្រុងប្រយ័ត្នធ្វើឱ្យបុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់តែម្ដង។

  សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនបង្កហេតុដែលបើកម៉ូតូសណ្ដោងរុឺម៉កមកដោះស្រាយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖