ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបចោរលួចម៉ូតូរបួសសមត្ថកិច្ចម្នាក់ដោយចោរតដៃ

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ចុះ​ប្រតិបត្តិការ​ បង្រ្កាបករណីលួចម៉ូតូ​ ០១​ ករណី​ និង​បាន​ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ខណ:តដៃសមត្ថកិច្ចបណ្តាលឲ្យរបួសសមត្ថកិច្ចម្នាក់។

ប្រតិបត្តិការបង្រ្កាបចោរលួចម៉ូតូនេះបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី​ ១៩​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ នៅ​ចំណុច​ភូមិ​វត្ត​រំដួល​ សង្កាត់​ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង។

ជនសង្ស័យឈ្មោះ​ ភាព​ សុភា​ ហៅ​ តូច​ ភេទប្រុស​ អាយុ​ ២៥​ ឆ្នាំ​ មានទីលំនៅ​មិន​ពិតប្រាកដ​ បានបញ្ជូនមក​កាន់​សស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមច្បាប់។

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​បានមានប្រសាសន៍ថា កាល​ពី​ថ្ងៃទី​ ១៨​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៩:៤០​ នាទី​ នៅ​ចំណុច​ភូមិ​អូរចារ​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​ បាត់ដំបង​ ជនសង្ស័យ​នេះ ​បាន​ធ្វើ​សកម្មភាព​ ដើរ​តាម​ផ្លូវ​ជាតិ​លេខ​៥​ រួច​ក៏បានលួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ​ ហួន​ យឿម​ ភេទប្រុស​ អាយុ​ ៦០​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​អូរចារ​ សង្កាត់​ អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាតបាត់ដំបង ខណ:ដែល​ជនរងគ្រោះ​កំពុង​ចុះ​ពី​លើម៉ូតូ​ដើរ​ទៅ​បត់​ជើង​ ។ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​ រហូត​មក​ដល់​ថ្ងៃទី​ ១៩​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០៣:១០​ នាទី​រសៀល ទើប​កម្លាំង​សមត្ថកិច្ច​យើង​ស្រាវជ្រាវដឹងធ្វើការ​នាំខ្លួន​ជនសង្ស័យ​នេះមកសាកសួរ ប៉ុន្តែ​ជនសង្ស័យ​បាន​តដៃ​មក​លើសមត្ថកិច្ច​ដែល​កំពុង​ប្រតិបត្តិការ​ បណ្តាលឲ្យ​កម្លាំង​សមត្ថកិច្ច​យើង​ លោក​ ព្រិន្ទបាលទោ​​ សុង​ ហាក់​ រង​របួស​បាក់​ម្រាម​ ប្រអប់​ដៃ​ខាង​ឆ្វេង​ ។

លោកមានប្រសាសន៍ទៀតថាវត្ថុតាង​ដកហូត​រួម​មាន​ ៖​ ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០១២​ បិតតែម​ ឆ្នាំ​ ២០១៥​ គ្មាន​ស្លាកលេខ​  ជា​របស់​ជនរងគ្រោះ​ ត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញ ឯជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមច្បាប់៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖