ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានថ្លែងថា, ខ្ញុំក៏ដូចបងប្អូនដែរគឺបានទិញមី អង្ករ ត្រីខ ត្រីងៀត និងម្ហូបងាយចម្អិនមួយចំនួនទុកប្រើក្នុងពេលដែលទីក្រុងភ្នំពេញត្រូវបានបិទខ្ទប់។ ពេលនេះធ្វើយ៉ាងណាអោយមានបាយទឹកទទួលទាននិងបានរស់នៅជុំក្រុមគ្រួសារ។ បងប្អូនដែលកំពុងប្រឈមនឹងបញ្ហាស្បៀង សូមទាក់ទងអាជ្ញាធរនៅក្នុងកន្លែងបងប្អូនរស់នៅជាបន្ទាន់ដើម្បីទទួលបានការឧបត្ថម្ភស្បៀង។
លោកបន្តថា, យើងអាណិតសម្តេចតេជោ អាណិតក្រុមគ្រូពេទ្យ អ្នកបេីកឡានពេទ្យ អាជ្ញាធរ សមត្ថកិច្ចប៉ូលិស ប៉េអឹម…ដែលកំពុងដុតដៃដុតជើងចុះធ្វើការទាំងយប់ទាំងថ្ងៃហាលកម្តៅ ហាលភ្លៀងជួយប្រជាពលរដ្ឋដែលពួកគាត់ប្រឈមនឹងហានិភ័យច្រើនជាងយើងនៅផ្ទះ។ ព្រោះពលនេះជំងឺកូវីដ១៩ កំពុងឆ្លងរាតត្បាតសាហាវខ្លាំងណាស់។
លោកក៏បានបញ្ជាក់ផងដែរថា, នៅថ្ងៃទី ២៣ មេសា នេះខ្ញុំត្រូវពិនិត្យសំណាកម្តងទៀត ព្រោះត្រូវធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ីជាមួយ សម្តេចប្រមុខដឹកនាំ នៅថ្ងៃបន្ទាប់។ ពេលវិលត្រឡប់មកវិញ ខ្ញុំក៏ត្រូវធ្វើចត្តាឡីស័កថែមទៀត ដើម្បីធានាថាខ្ញុំមិនយកមេរោគកូវីដ១៩ ពីក្រៅប្រទេសចូលមកចម្លងដល់ក្រុមគ្រួសារ និងបងប្អូនទាំងអស់គ្នា។ ក្នុងស្ថានភាពដ៏អាក្រក់នេះ យើងត្រូវតែអត់ធ្មត់ទ្រាំលំបាកទាំងអស់គ្នា។
ដើម្បីសុវត្ថិភាពប្រពន្ធកូននិងក្រុមគ្រួសារ យើងបន្តនៅផ្ទះ (នៅក្នុងផ្ទះ)កុំចេញក្រៅផ្ទះអោយសោះ !
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
ដោយ៖ សុខ ខេមរា