ខេត្តស្វាយរៀង៖ យុវជនចិត្តស្លុយម្នាក់ខឹងសុំលុយម្ដាយមិនបាន គិតខ្លីចងកសម្លាប់ខ្លួននៅនឹងផ្ទោងដំបូលផ្ទះបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗដើម្បីឱ្យមកពិនិត្យសព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១៩ខែមេសាឆ្នាំ២០២១ នៅចំណុចភូមិធំ ឃុំត្នោត ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាយុវជនគិតខ្លីមានឈ្មោះវៀង ពេជ្រ អាយុ ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ ។
ក្រោយពីមានសេចក្ដីរាយការណ៍ពីលោកមេភូមិភ្លាម សមត្ថកិច្ចស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកដល់កន្លែងកើតហេតុពិនិត្យសពភ្លាមៗ ហើយបានសន្និដ្ឋានថា យុវជនខាងលើពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែនដោយមិនមានអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារយុវជនខាងលើមានសតិមិនគ្រប់ហើយបានសុំលុយម្ដាយមិនឱ្យក៏គិតខ្លីបែបនេះតែម្ដង។
សពយុវជនខាងលើត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ យឹម សុថាន