ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញធរក្រុងកំពង់ឆ្នាំងសម្រេចបិទទីតាំងគ្លីនិកឯកជនមួយកន្លែងបណ្តោះអាសន្នបន្ទាប់រកឃើញពាក់ព័ន្ធជាមួយអ្នកជំងឺម្នាក់ដែលស្លាប់ដោយមានវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ អាជ្ញាធរក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះបានសម្រេច បិទទីតាំងគ្លីនិកឯកជនមួយកន្លែង ក្រោយពីបានរកឃើញថា គ្លីនីកឯកជនមួយនេះ ធ្លាប់បានពាក់ព័ន្ធ និងអ្នកជំងឺម្នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ។
ក្រៅពីអាជ្ញាធរក្រុងកំពង់ឆ្នាំងបានប្រកាសផ្អាកជាបណ្តោះអាសន្ននូវគ្លីនិគនេះហើយ ក្រុមគ្រូពេទ្យបានចាប់ផ្តើមយកសំណាក ពីក្រុមគ្រួសារ និង គ្រូពេទ្យនៅក្នុងគ្លីនិកនេះទាំងអស់ និង បានតម្រូវឲ្យម្ចាស់ទីតាំងគ្លីនីកនេះ បន្តធ្វើចត្តាឡីស័កនៅក្នុងទីតាំងរបស់ខ្លួនរយៈពេល១៤ថ្ងៃ រង់ចាំលទ្ធសំណាក ។
យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក្រោយពីធ្វើការស្រាវជ្រាវបានបញ្ជាក់ថា ឈ្មោះ នូចុល អាយុ៥៧ឆ្នាំ ពិតជាបានស្លាប់ដោយសារជំងឺកូវីដ១៩ ដោយសារលទ្ធផលសំណាកបានចេញកាលពីរល្ងាចថ្ងៃទី១៩ ខែមេសា ចំពោះទីតាំងដែលពាក់ព័ន្ធជាមួយនិងការស្លាប់ ដោយជំងឺកូវីដនេះ មានភូមិព្រះរាមរង្សី មន្ទីរពេទ្យបង្អែកខេត្ត /មន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង , វត្តភ្នំយោង ,និងផ្សារព្រៃខ្មែរ។ កន្លែងដែលសង្ស័យដែលចំលង ខ្ពស់ជាងគេ គឺមន្ទីរសម្រាកព្យាបាល ផ្សារឆ្នាំង ដោយសារគាត់ទៅស្ទើររាល់ថ្ងៃ , ចំណែកមន្ទីរពេទ្យកាល់ម៉ែត្រគាត់ទៅ សម្រាកពីថ្ងៃទី១៧កុម្ភៈ២០២១ដល់ ០១មិនា ២០២១នៅសង្គ្រោះបន្ទាន់ ហើយទៅពិនិត្យឡើងវិញថ្ងៃទី១០ មិនា ២០២១ ចាប់ពីនោះមកគឺគាត់ ចូលមន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង រាល់២ទៅ៣ថ្ងៃម្តង ។
នាពេលនេះ អាជ្ញាធរខេត្ត បានអំពាវអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលមកធ្វើសំណាក និង រៀបចំខ្លួនធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ហើយបើសិនជាមានអាការៈសង្ស័យពាក់ព័ន្ធនិងជំងឺកូវីដ១៩ ត្រូវរាយការណ៍មកគ្រូពេទ្យ និង អាជ្ញាធរជាបន្ទាន់ ៕

ដោយ៖ ចន្ថា


ចែករំលែក៖