ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ដូសទី២ ជូនមន្ត្រីរាជការក្រសួងព័ត៌មាន និង អ្នកសារព័ត៌មានជាតិ អន្តរជាតិ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល យោងតាមសេចក្តីជូនដំណឹងលេខ០៩៥២១ គ.វ.ក-១៩ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ របស់គណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។
ក្រសួងព័ត៌មាន សូមជម្រាបជូន ដំណឹងដល់ លោក លោកស្រី រាជការ និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ដែលបានទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដូសទី១ នៅក្រសួងព័ត៌មានកន្លងមក សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមកម្មវិធីដូចខាងក្រោម៖
១. កាលបរិច្ឆេទ
ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ តាមតារាងបែងចែកក្នុងឧបសម្ព័ន្ធទី១ (កែតម្រូវក្នុងសេចក្តីជូនដំណឹង លេខ០៩៧/២១ គ.វ.ក-១៩ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១)។
២. ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២៖
– ចំពោះលោក លោកស្រី មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ដែលមានទីតាំង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ នៅតាមទីតាំង ដែលមានក្នុងខណ្ឌដែលខ្លួនកំពុងរស់នៅ ដោយមិនឱ្យឆ្លងខណ្ឌនោះទេ ហើយទីតាំងទាំងនោះ មាននៅក្នុងតារាងឧបសម្ព័ន្ធទី២ (កែតម្រូវក្នុងសេចក្ដីជូនដំណឹងលេខ០៩៧/២១ គ.វ.ក-១៩ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១)
– ចំពោះលោក លោកស្រី មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ដែលមានទីតាំង ក្នុងភូមិសាស្ត្រក្រុងតាខ្មៅនៃខេត្តកណ្តាល សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី២ នៅ មន្ទីរពេទ្យបង្អែកជ័យជំនះ ឬមណ្ឌលសុខភាពស្វាយរលំ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដោយមិនឱ្យ ឆ្លងមករាជធានីភ្នំពេញ ឬស្រុកផ្សេងជាដាច់ខាត –
– ចំពោះលោក លោកស្រី មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ដែលកំពុងស្ថិត ក្នុងវិធានការបិទខ្ទប់នៅតាមបណ្តាខេត្ត សូមទំនាក់ទំនងជាមួយអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត ឬអាជ្ញាធរមូលដ្ឋាន ឬមន្ទីរសុខាភិបាលខេត្ត ដែល ខ្លួនកំពុងស្នាក់នៅ ដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ដោយមិនត្រូវឱ្យហួស ការកំណត់ការចាក់ដូសទី២ ឡើយ។
៣. ឯកសារចាំបាច់ ពេលមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២
– បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ របស់សាមីខ្លួន
– អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
– ឯកសារសម្គាល់ទាំងឡាយណាដែលមានតម្លៃស្មើ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ជាតិ អន្តរជាតិ ជ្រាបជាព័ត៌មាន និងអញ្ជើញមកទទួលវ៉ាក់សាំងលើកទី២.តាមកាលបរិច្ឆេទ និងពេល វេលាកំណត់កុំបីខាន ជាពិសេសចូលរួមអនុវត្តវិធានការសុវត្ថិភាព ដោយស្មារតីទទួលខុសត្រូវ)៕
ដោយ៖ សុខ ខេមរា