ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការអត់ធ្មត់ ក្នុងរយៈ ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយសារតែជំងឺនេះពេលឆ្លងវាទៅនិងពេលស្លាប់មិនមានញាតិមិត្ត បងប្អូនទៅមើលថែនិងទៅធ្វើបុណ្យជូនដូចកាលពីមិនមានជំងឺកូវីដនោះទេ។
ការអំពាវនាវបែបនេះរបស់លោកស្រី ម៉ែន សំអនបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២១នេះ ខណៈ ដែលលោកស្រី និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកទេស រដ្ឋមន្ត្រីឱម យុិនទៀង ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខណ្ឌទួលគោក អញ្ជើញចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៦០០គ្រួសារ ដែលបាននិងកំពុងបិទខ្ទប់ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោកស្រីម៉ែន សំអន បានមានប្រសាសន៍ថា សម្ដេចតេជោហ៊ុន សែនបានគិតគូរនិងព្រួយបារម្ភយ៉ាងខ្លាំងបំផុតចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលកូវីដ-១៩នេះដោយសម្ដេចបានចេញនូវសេចក្តីសម្រេចជាច្រើនលើកច្រើនសាក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែនគឺ ៣កុំនិង៣ការពារ។
លោកស្រីឧបនាយករដ្ឋមន្ត្រីបញ្ជាក់ផងដែរថា ជំងឺដ៏កាចសាហាវនេះនៅក្នុងពេលដែលយើងបានឆ្លងវាហើយ គឺមិនមានបងប្អូនសាច់ញាតិណាមើលថែទេ ហើយពេលស្លាប់ទៅក៏មិនមានអ្នកទៅធ្វើបុណ្យដូចកាលពីមិនទាន់មានកូវីដ-១៩ដែរ ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែរួមគ្នា ដើម្បីទប់ស្កាត់ឲ្យបាននូវជំងឺកូវីដ-១៩នេះ ខណៈដែលរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាបន្តបន្ទាប់នៃការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល ១៤ថ្ងៃ ។ក្នុងរយៈពេល១៤ថ្ងៃនេះ សូមបងប្អូនទាំងអស់គ្នាអត់ធ្មត់ឱ្យបាន ។ ក្រោយ១៤ថ្ងៃ បើយើងអាចបិទខ្ទប់បានជោគជ័យ បងប្អូនប្រជាពលរដ្ឋអាចនឹងដើរហើរ និងប្រកបរបររកស៊ីប្រចាំថ្ងៃដូចធម្មតាឡើងវិញហើយ។
ជាមួយគ្នានោះលោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានមានប្រសាសន៍បញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋដែលទទួលអំណោយរបស់សម្ដេចតេជោនៅពេលនេះ គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ១៤ ភូមិ១៦ និងភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោកមានចំនួន៦០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ មី ទឹកត្រីនិងទឹកស៊ីអ៊ីវ ដើម្បីចូលរួមរំលែកនូវការលំបាក ពេលដែលបងប្អូនត្រូវបានរដ្ឋាភិបាលក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញបិទខ្ទប់មិនឲ្យចាកចេញពីផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕
ដោយ៖ សំរិត