ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃអង្គារទី២០ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសថា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៤៣១នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៣១នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៤៣១នាក់ (សហគមន៍ទាំង ៤២៩នាក់) និងមានអ្នកជាសះស្បេីយចំនួន ៣១នាក់ក្នុងនោះរួមមាន៖
– ករណីឆ្លងសហគមន៍ ៤២៩ នាក់
– អ្នកដំណើរពីបរទេស ០២ នាក់
គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៧៤៤៤ នាក់
– អ្នកជាសះស្បើយ= ២៥៥៥ នាក់
– អ្នកកំពុងព្យាបាល= ៤៨៣៥ នាក់
– អ្នកស្លាប់= ៤៩ នាក់។
សូមបងប្អូនយើងបង្កើនការប្រុងប្រយ័ត្ន និងបើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះ! វិធានការ ៣កុំ និង៣ការពារ ត្រូវតែអនុវត្តអោយខានតែបាន! សូមជូនពរបងប្អូនយើងចៀសផុតពីកូវីដ-១៩គ្រប់គ្នា!
សូមរម្លឹកថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែមីនាកន្លងទៅ ធ្លាប់បានមានប្រសាសន៍ក្រើនរំលឹក សូមឲ្យបងប្អូនជនរួមជាតិ ទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្នា ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងធ្វើឡើងលក្ខណៈទ្រង់ទ្រាយធំ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងបញ្ជាក់ថា, តាមគម្រោងក្នុងរយះពេល១ខែត្រូវចាក់ជូនប្រជាពលរដ្ឋក្នុងកំរិត១លានដូស ទាំងការទិញ និងការទទួលជំនួយនឹងមកដល់ជាបន្តរបន្ទាប់។ វ៉ាក់សាំងគឺត្រូវបញ្ជូនទៅចាក់ជូនប្រជាពលរដ្ឋតាមបណ្តាខេត្តក្រុង ទូទាំងប្រទេសកម្ពុជា។
សម្តេចសូមបងប្អូនជនរួមជាតិអនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត៕
ដោយ៖ ស តារា