រុស្ស៊ីបានប្រកាសថានឹងដកខ្លួនចេញពីស្ថានីយអវកាសអន្តរជាតិ ISS ចាប់ពីឆ្នាំ២០២៥ ហើយបង្កើតស្ថានីយអវកាសថ្មីដាច់ដោយឡែកខ្លួនឯង ។
សារព័ត៌មានTASS របស់រុស្ស៊ីនៅថ្ងៃទី២០ខែមេសាបានដកស្រង់សម្តី ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Yuri Borisov ដែលបានបញ្ជាក់ថា រុស្ស៊ីមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង្កើតស្ថានីយអវកាសដាច់ដោយឡែករបស់ខ្លួននៅលំហអាកាសផែនដី ។ លោកក៏បានប្រកាសថា រុស្ស៊ីនឹងដកខ្លួនចេញពី ISS នៅឆ្នាំ២០២៥។
តាមការលើកឡើងរបស់មន្ត្រីរុស្ស៊ី ទីក្រុងមូស្គូ នឹងសហការជាមួយ ប្រទេសផ្សេងទៀត ប្រសិនបើប្រទេសនោះចង់សហការជាមួយរុស្ស៊ី។ ស្ថានីយអវកាសថ្មីរបស់រុស្ស៊ី នឹងស្ថិតនៅក្នុងគន្លងគោចរឆ្ងាយពីផែនដីជាងស្ថានីយ ISS។
នៅពេលនេះមិនទាន់ដឹងថា រុស្ស៊ីនឹងចាប់ផ្តើមសាងសង់ស្ថានីយនៅពេលណានោះឡើយ។ កាលពីឆ្នាំ២០២០ មន្ត្រីរុស្ស៊ីបានបញ្ជាក់ថា ស្ថានីយអវកាសថ្មីរបស់រុស្ស៊ីមាន Modul តភ្ជាប់គ្នាចាប់ពី៣ដល់៧ Modul ។
ស្ថានីយអវកាស ISS នាពេលបច្ចុប្បន្ន មានកិច្ចសហប្រតិបត្តិការរវាងអាមេរិក រុស្ស៊ី អឺរ៉ុប កាណាដា និងជប៉ុន ប៉ុន្តែតួនាទីសំខាន់ គឺស្ថិតនៅលើអាមេរិកនឹងរុស្ស៊ី ។ ដោយសារតែភាពតានតឹងរវាងអាមេរិក នឹងរុស្ស៊ី សកម្មភាពរបស់ស្ថានីយអវកាស ISS ក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ៕ ដោយ ៖ ធីរីណា
រូបភាព៖ NASA