ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បាននាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយ របស់សម្ដេចតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានីហ៊ុនសែន យកទៅចែកជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់ដែលរដ្ឋបាលរាជធានីភ្នំពេញចាត់ទុកជាតំបន់ពណ៌ក្រហមចំនួន១០០០គ្រួសារ នៅក្នុងភូមិដំណាក់ធំ២និងដំណាក់ធំ៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមាន ជ័យ ។
អំណោយដែលប្រជាពលរដ្ឋទទួលបាន ក្នុងមួយគ្រួសារមានអង្ករ២៥គីឡូក្រាម, មី១កេសតូច,ទឹកត្រី១យួរ ,ទឹកស៊ីអុីវ១យួរ។
ក្នុងឱកាសនោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ការបិទខ្ទប់រាជធានីភ្នំពេញ ពិតជាធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការលំបាកហើយ ទាំងការរកស៊ីនិងការរស់នៅប្រចាំថ្ងៃ។ តែលោកសូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អត់ធ្មត់ ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ។ កន្លងមកសម្ដេចតេជោហ៊ុនសែនបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាឱ្យជំងឺកូវីដ-១៩បាត់ពីកម្ពុជា ដោយសម្តេចបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ។ បន្ថែមពីនេះ សម្ដេចបានយកចិត្តទុកដាក់ពីជីវភាពប្រជាពលរដ្ឋបន្ថែមទៀតដោយបាន ជួយឧបត្ថម្ភជាស្បៀងអាហារ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវបានបិទខ្ទប់១៤ថ្ងៃនេះ ។ ដូច្នេះ លោកសូមឲ្យ បងប្អូនប្រជាពលរដ្ឋមានការយោគយល់ ហើយបើបងប្អូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បងប្អូនអាចទំនាក់ទំនងមកអាជ្ញាធរសង្កាត់បាន ដើម្បីចៅសង្កាត់ផ្ដល់ជូនជាអំណោយជូនបងប្អូនភ្លាម ដោយរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមអង្ករក្នុង១ខណ្ឌចំនួន១០តោនរួចហើយសម្រាប់ចែកជូនបងប្អូនដែលមានបញ្ហាខ្វះខាតក្នុងដំណាក់កាលបិទខ្ទប់ដោយជំងឺកូវីដ-១៩នេះ៕
ដោយ៖ សំរិត