ព័ត៌មានទាន់ហេតុការណ៍៖

តារាកំប្លែង យេៗ និងតារាភេទទី៣ នាងសាមែល ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ភ្ញាក់ផ្អើលទាំងយប់ក្នុងចង្កោមអ្នកសិល្បៈ បន្ទាប់ពីតារាសម្តែង និងកំប្លែង នាងយេៗ និងតារាកំប្លែងសម្បុរខ្មៅភេទទី៣ នាងសាមែល ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដែលបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងកាលពីរាត្រីថ្ងៃទី២០ ខែមេសាឆ្នាំ ២០២១នេះ និងបន្ទាប់ពីនាងបានប្រកាសលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន។  ក្រៅពីអ្នកទាំងពីរ ក៏មានសមាជិកនៅផ្ទះរួមគ្នាម្នាក់ទៀតមានវិជ្ជមានជំងឺកូវីដ-១៩ខណៈដែលម្នាក់សមាជិកម្នាក់ទៀតនៅមិនទាន់រកឃើញវិជ្ជមានជំងឺនេះនៅឡើយ ។ 

  នាងយេៗ បានបញ្ជាក់តាមទូរស័ព្ទថា នាងខកខានក្នុងការចេញទៅសម្តែង និងទីកន្លែងផ្សេងៗទៀតជាច្រើនសប្តាហ៍មកហើយ ដែលនាងអាចឆ្លងពីសមាជិករស់នៅក្នុងផ្ទះជាមួយនាង។ នាងថា ប៉ុន្មានថ្ងៃមុននេះនាងមានអាការៈក្តៅខ្លួនបែបផ្តាសាយ ហើយក៏លេបថ្នាំព្រោះគិតថាជាការឈឺធម្មតា ប៉ុន្តែក្រោយមកនាងក៏មានអាការៈក្អក និងហិតលែងដឹងក្លិន ដែលស្របនឹងសមាជិករស់នៅផ្ទះជាមួយនាង គឺនាង សាមែល កើតអាការៈបែបនេះដំណាលនាងផងដែរទើបសង្ស័យក៏នាំគ្នាទៅធ្វើសំណាកទើបលទ្ធផលតេស្តចេញមកមុននេះថានាងមានវិជ្ជមានជំងឺកូវីដ-១៩នេះរួមទាំងនាងសាមែល និងសមាជិកក្នុងផ្ទះម្នាក់ទៀត។

នាងថាម៉ោង៧យប់នេះនាងបានរៀបចំខ្លួន អីវ៉ាន់រួចជាស្រេចរងចាំរថយន្តពេទ្យមកទទួលយកទៅបន្ទប់ព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល ប៉ុន្តែនាងមិនដឹងថាទៅទីណានៅឡើយ។ នាងថាកន្លងមកនាងពិតជាប្រយ័ត្នណាស់ ប៉ុន្តែពេលនេះធ្លោយទាល់តែបាន ។ 

  គួរបញ្ជាក់ដែរថា ក្រោយផ្ទុះឆ្លងជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមកមានសិល្បករមួយចំនួនបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដោយពួកគេបានជាសះស្បើយ និងមានសិល្បករម្នាក់បានបាត់បង់ជីវិត ហើយករណីនាងយេៗ និងនាងសាមែលគឺជាករណីថ្មីដែលកើតមានឡើងក្នុងចង្កោមអ្នកសិល្បៈ៕ 

ដោយ៖ វឌ្ឍនា


ចែករំលែក៖