ភ្នំពេញ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹង ដោយលើកទឹកចិត្ត ដល់សាធារណជនទាំងអស់ឲ្យមកប្រើប្រាស់សេវាអេឡិចត្រូនិកវិញ។
បេីយោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា «ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរក្នុងសហគមន៍ ធនាគារជាតិនៃកម្ពុជា នឹងបន្ដអនុវត្តន៍វិធានការ ការពារហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ ដោយសារការ ប្រើប្រាស់ក្រដាក់ប្រាក់ តាមរយៈការសម្លាប់មេរោគនៅលើក្រដាក់ប្រាក់រៀល ដែលចូលមកធនាគារជាតិនៃកម្ពុជា ហើយបញ្ជេញក្រដាសប្រាក់ ដែលសម្លាប់មេរោគរួចទៅក្នុងទីផ្សារវិញ។ ធនាគារជាតិនៃកម្ពុជា សូមបន្ដលើកទឹកចិត្តក្នុងការកាត់បន្ថយ ការប្រើប្រាស់ក្រដាស់ប្រាក់ ក៏ដូចជាការប្រើប្រាស់/ចេញផ្សាយមូលប្បទានប័ត្រ សម្រាប់ធ្វើការផាត់ទាត់ និងការទូទាត់នានា ហើយជំនួសវិញដោយការប្រើប្រាស់ ការទូទាត់អេឡិចត្រូនិក តាមលទ្ធភាពដែលអាចធ្វើបាន»។
បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ទៀតថា៖ «ការប្រើប្រាស់សេវាទូទាត់អេឡិចត្រូនិកដូចជា សេវាធនាគារតាមកម្មវិធីទូរសស័ព្ទចល័ត ក៏ដូចជាកម្មវិធីបាគងដែលជាប្រព័ន្ធទូទាត់បែបទំនើប និងផ្ដល់សុវត្ថិភាពខ្ពស់ ងាយស្រួល ឆាប់រហ័ស និងចំណាយតិចផងដែរ»។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏សង្ឃឹមថា សាធារណជនទាំងអស់ នឹងចូលរួមសហការ កាត់បន្ថយហានិភ័យទាំងអស់គ្នា ជាពិសេសតាមរយៈការប្រើប្រាស់ មធ្យោបាយទូទាត់អេឡិចត្រូនិកទំនើបៗ និងសម្បូរបែប ដែលមាននាពេលបច្ចុប្បន្ន និងសូមអនុវត្តវិធានការ ៣កុំ ៣ការពារ និងការណែនាំនានារបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន៕ ដោយ៖សហការី