ព័ត៌មានទាន់ហេតុការណ៍៖

ហាមហើយហេតុអីក៏ជ្រួលជ្រើមម្លេះ ! រថយន្តមួយគ្រឿងជិះគ្នា៨នាក់ចេញពីភ្នំពេញ បំពានបម្រាមចូលកំពង់ឆ្នាំង បញ្ជូនឲ្យត្រឡប់ក្រោយវិញ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បម្រាមទូទាំងប្រទេស មិនឱ្យឆ្លងកាត់ខេត្តមួយទៅខេត្តមួយ ពីភ្នំពេញទៅខេត្ត ហើយពីខេត្តចូលភ្នំពេញ គឺដើម្បីទប់ស្កាត់ស្ថានភាពនៃការរាលដាលជំងឺកូវីដ-១៩ ប៉ុន្តែបុគ្គលខ្លះនៅតែបំពាន អត់ខ្លាចពីជំងឺកូវីដ-១៩សោះ។ ជាក់ស្ដែង មានរថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿងជិះ គ្នា៨នាក់ទាំងអ្នកបើកបរផង ត្រូវបានសមត្ថកិច្ចឃាត់យកមកធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១  បន្ទាប់ពីរថយន្តខាងលើនេះបានបំពានបម្រាមនៅចំណុចគោលដៅសមត្ថកិច្ចឈរជើងព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។

  នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរ បានឱ្យដឹងថា  រថយន្តម៉ាកហាយឡេនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AY-1871 ជិះគ្នា៨នាក់ទាំងអ្នកបើកបរផង ធ្វើដំណើរចេញពីភ្នំពេញទៅប៉ោយប៉ែត។ លុះមកដល់គោលដៅ ត្រង់ចំណុចព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដែលជាគោលដៅសមត្ថកិច្ចហាមឃាត់ការធ្វើដំណើរចេញចូលពីខេត្តមួយទៅខេត្តមួយ រថយន្តខាងលើនេះបានបំពានបម្រាមបើកឆ្លងកាត់ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចឈរជើងនៅគោលដៅនោះឡើយ។

   លោកវរសេនីយ៍ឯកបានបន្តឱ្យដឹងទៀតថា  បន្ទាប់ពីទទួលបានបទបញ្ជាពីលោកស្នងការឲ្យសហការជាមួយអធិការស្រុកកំពង់ត្រឡាច ចុះឃាត់រថយន្តខាងលើនេះដែលបានបំពានបម្រាម ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្លងកាត់ភូមិសាស្ត្រស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ ភ្លាមនោះកម្លាំងសមត្ថកិច្ចរបស់លោក សហការជាមួយនឹងសមត្ថកិច្ចស្រុកកំពង់ត្រឡាច បានចុះឃាត់រថយន្ដខាងលើនេះបាននៅចំណុចភូមិគោកស្ដៅ ឃុំទឹកហូត ស្រុករលាប្អៀរ និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំ។ បន្ទាប់ពីធ្វើការសាកសួររួចរាល់ លោកស្នងការ ក៏បានឱ្យរថយន្ដនេះត្រឡប់ក្រោយវិញដោយមានកម្លាំងសន្តិសុខបើករថយន្តជូនរហូតឆ្លងគោលដៅ ដែលសមត្ថកិច្ចកំពុងឈរជើងនៅព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំងផងដែរ។

តាមពិតក្នុងករណីបែបនេះ គួរតែសមត្ថកិច្ចប្រគល់ទៅខាងជំនាញសុខាភិបាល ធ្វើតេស្តយកសំណាក ឬធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ៕

ដោយ ៖ សិលា


ចែករំលែក៖