ព័ត៌មានទាន់ហេតុការណ៍៖

គ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានបន្តការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី២ ជូនបងប្អូនប្រជាពលរដ្ឋ តាមគោលដៅដែលបានកំណត់ទុកក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

      ភ្នំពេញ៖ សកម្មភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានបន្តការចាក់ដូសទី២ ជូនបងប្អូនប្រជាពលរដ្ឋ តាមគោលដៅដែលបានកំណត់ទុកក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមការបង្ហោះលើ page ផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

សហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, បើទោះជាពេលនេះ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលកំពុងស្ថិតក្នុងការបិទខ្ទប់ ក៏ក្រុមគ្រូពេទ្យរបស់យើងនៅតែបន្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីបន្តផ្តល់ខែលការពារខ្លួនដ៏សំខាន់ចំពោះមុខការយាយីយ៉ាងដំណំពីជំងឺកូវីដ-១៩នេះ។  

សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តថា, ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានទទួលវ៉ាក់សាំងរួចរាល់ សូមបន្តការអនុវត្ត ៣កុំ ៣ការពារ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងសូមចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងវិធានការបិទខ្ទប់នេះ ដើម្បីរួមគ្នាក្នុងការទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់នេះ៕

ដោយ ៖ សិលា


ចែករំលែក៖