ភ្នំពេញ៖ អនុវត្តតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានបងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាលើកទី២ នៅតាមទីតាំងមួយចំនួនដែលបានរៀបចំរួចដោយគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងនោះមានទីតាំងមួយចំនួនមានបងប្អូនប្រជាពលរដ្ឋ ជាច្រើនបានសម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២នេះ ហើយនៅទីតាំងខ្លះទៀតក៏មិនមានប្រជាពលរដ្ឋសម្រុកទៅចាក់ច្រើននោះដែរ ។
តាមការបញ្ជាក់ពីលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះថា៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានធ្វើការផ្អាកបណ្ដោះអាសន្ននូវការចាក់វ៉ាក់សាំងនេះចំនួនបីថ្ងៃ ហើយមកដល់ថ្ងៃទី២០ ខែមេសា គណៈកម្មការនេះ បានបើកឱ្យដំណើរការនៃការចាក់វ៉ាក់សាំងលើកទី២នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានចាក់លើកទីមួយរួចហើយដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញ១៤ថ្ងៃនោះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានសម្រេចជ្រើសរើសយកទីតាំងមួយចំនួន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទៅចាក់នៅទីតាំងទាំងនោះជាលើកទី២ ចៀសវាងការធ្វើដំណើរឆ្លងកាត់ពីខណ្ឌមួយទៅខណ្ឌមួយ ដែលបង្កឲ្យមានហានិភ័យខ្លាំងចំពោះ ការឆ្លងជំងឺកូវីដ-១៩៕
ដោយ៖ សំរិត