ខេត្តកំពង់ធំ៖ លោក សុខ លូ អភិបាល នៃអភិបាលខេត្តកំពង់ធំ និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈ ប្រគេនព្រះសង្ឃ ចំនួន ៤១វត្ត មានព្រះសង្ឃសរុប ចំនួន ៥៤៥អង្គ ទូទាំង ៩ ក្រុង ស្រុក ដែលខ្វះខាតចង្ហាន់ ក្នុងដំណាក់កាល នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងក៏ជារដូវកាលពេល និងក្រោយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ក្នុងចំណោមចំនួន ៤១ វត្តនោះ រួមមាន ស្រុកតាំងគោក មានចំនួន ៥វត្ត មានព្រះសង្ឃចំនួន ១០៣អង្គ, ស្រុកបារាយណ៍ មានចំនួន ៤វត្ត មានព្រះសង្ឃចំនួន ៨៥អង្គ, ស្រុកសន្ទុក មានចំនួន ៦ វត្ត មានព្រះសង្ឃចំនួន ៩៣ អង្គ , ក្រុងស្ទឹងសែន មានចំនួន៣វត្ត មានព្រះសង្ឃ ចំនួន ៦២អង្គ, ស្រុកប្រាសាទបល្ល័ង្ក មានចំនួន ៣វត្ត មានព្រះសង្ឃចំនួន ៣៦អង្គ, ស្រុកស្ទោង មានចំនួន ៤វត្ត មាន ព្រះសង្ឃចំនួន ៦១អង្គ, ស្រុកសណ្តាន់ មានចំនួន ២វត្ត មានព្រះសង្ឃចំនួន ៣៤អង្គ និងស្រុកប្រាសាទសំបូរចំនួន ៥វត្ត មានព្រះសង្ឃចំនួន ៧១អង្គ ។
ក្នុងសម្ភារៈ ចង្ហាន់ ដែលប្រគេនព្រះសង្ឃនេះ រួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកសុទ្ធ ម៉ាស និងបច្ច័យមួយចំនួន។
គួរបញ្ជាក់ថា ក្រោយពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់អនុសាសន៍ តាមរយៈសារសម្លេង នាថ្ងៃទី២០មេសា រួចមកលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈ ប្រគេនព្រះសង្ឃ ដេីម្បីចូលរួមជួយសម្រួលដល់ការខ្វះខាតផងដែរ ៕ដោយ៖សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច


